ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូ បេទីមមីន័រ (AC.) ប្រវែង០២គីឡូម៉ែត្រក្នុងឃុំធិបតី ស្រុកគាស់ក្រឡ (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

 នៅព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០១៩នេះ ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលផ្លូវក្រាលកៅស៊ូបេទីម(AC)ប្រវែង០២គ.ម និងបានជួបសំណេះសំណាល ជាមួយនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់សម្បទានក្នុងការវិនិយោគនៃគម្រោងការកែលម្អផ្លូវជាតិលេខ៥ ដែលវិនិយោគដោយក្រុមហ៊ុន ដើម្បីយកថ្មភ្នំមួយកន្លែងនៅភ្នំធិបតីចំណុចភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ដើម្បីស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កន្លងមកនោះ ត្រូវបានក្រុមហ៊ុនជួយស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទបេទីម (AC)ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញ-ចូលទៅមករបស់ប្រជាពលដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់និងជួយបង្កនូវភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងរដូវវស្សា និងបញ្ចៀសបានពីការរំខានធុញទ្រាន់របស់បងប្អូន ដោយសារតែការដឹកជញ្ជូនថ្មនិងដីហុយ ក្នុងរដូវប្រាំងកន្លងមក។

      តាមរយៈនៃការសម្បទានរបស់ក្រុមហ៊ុនដែលទទួលបាននូវការវិនិយោគយកថ្មភ្នំនៅទីនោះ និងដោយមានការអនុញ្ញាតិត្រឹមត្រូវស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល និងពីរាជរដ្ឋាភិបាល។ ក្នុងនោះក្រុមហ៊ុនបានកសាងផ្លូវកៅស៊ូប្រភេទ (AC) មួយខ្សែនេះជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីជាគុណប្រយោជន៍សាធារណៈ ជូនអាជ្ញាធរនិងប្រជាពលរដ្ឋ នៅក្នុងស្រុកគាស់ក្រឡ ផ្ទាល់។

       ឯកឧត្តម ងួន តនៈ អភិបាល ខេត្តបាត់ដំបងនិងអមដំណើរដោយថ្នាក់ដឹកនាំមន្ទីរសំខាន់ៗ រួមមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត
ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកគាស់ក្រឡគ្រប់ថ្នាក់ និងប្រជាពលរដ្ឋដែលអាស្រ័យផលអំពីគម្រោង បានចុះពិនិត្យមើលនិងបានវាយតម្លៃពីសមិទ្ធផលថ្មី នៅក្នុងស្រុកគាស់ក្រឡផ្ទាល់ ដោយចាត់ទុកថា៖ នេះគឺជាភ័ព្វសំណាងមុនគេ របស់ស្រុកដែលកន្លងមក នៅតាមបណ្តាស្រុកនានា ក្នុងខេត្តមិនទាន់មានផ្លូវកៅស៊ូប្រភេទបេទីម (AC) នេះនៅឡើយនោះទេ។ព្រោះតម្លៃផ្លូវប្រភេទនេះ មានតម្លៃថ្លៃខ្ពស់ណាស់ ខេត្តមិនមានលទ្ធភាពថវិកាក្នុងការផ្លូវប្រភេទនេះ នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្តនៅឡើយ។ ហើយផ្លូវក្រាលកៅស៊ូបេទីមជាប្រភេទ (AC) នេះ រដ្ឋបាលខេត្តទើបតែសាកល្បង ស្ថាបនាផ្លូវមួយខ្សែ នៅក្នុងក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខ១ តាមរ៉បមាត់ស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ប្រវែងប្រមាណ ជាង០២គ.ម តែប៉ុណ្ណោះ។

     ជាមួយនិងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលទទួលបានការវិនិយោគយកថ្មភ្នំដើម្បីប្រើប្រាស់ក្នុងការអនុវត្តស្ថាបនាដើម្បីធ្វើការកែលម្អផ្លូវជាតិលេខ៥ និងបានផ្តាំផ្ញើ ជម្រុញដល់អាជ្ញាធរស្រុកនិងមូលដ្ឋាននៅទីនេះផ្ទាល់ ត្រូវមានកិច្ចសហការល្អជាមួយក្រុមហ៊ុន និងក្រោយពីបញ្ចប់នូវគម្រោងនេះ ត្រូវប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដោយត្រូវរៀបចំ ឲ្យមានការដាំដើមឈើ ឡើងវិញ និងរៀបចំកែច្នៃឲ្យទៅជាសួននិងដាំដើមឈើធម្មជាតិ ដើម្បីបម្រើដល់ការកំសាន្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។ ហើយអ្វី ដែលផ្តោតសំខាន់ ពេលមានផ្លូវល្អ ផ្លូវកៅស៊ូ ការធ្វើចរាចរណ៍ទៅមករបស់យានយន្តគ្រប់ប្រភេទ ត្រូវបើកបរគោរពច្បាប់ចរាចរ ចៀសវាងការគ្រោះថ្នាក់ជាយថាហេតុកើតឡើងដោយការធ្វេសប្រហែសនៅក្នុងការបើកបរ និងប្រើប្រាស់លើដងផ្លូវ។ត្រូវចូលរួម រួមគ្នាថែរក្សាផ្លូវឲ្យបានល្អ និងត្រូវប្រុងប្រយ័ត្នកូនចៅដែលរស់នៅក្បែរខាងផ្លូវត្រូវប្រុងក្នុងពេលឆ្លងផ្លូវឬចេញមកលេងលើដងផ្លូវ ដែលអាចប្រឈមនិងអាចបង្កហានិភ័យនូវអាយុជីវិតដោយសារតែគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងចៃដន្យភ្លាមៗ៕  (  អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner