រថយន្តឡិចសុីស470បើកបុកទ្រូងផ្លូវនៅមុខផ្សារទួលគោក បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង
ភ្នំពេញ៖ រថយន្តឡិចសុីសLX470 មួយគ្រឿងបើកបរបុកទ្រូងផ្លូវនៅមុខផ្សារទួលគោក បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវ២៨៩ នៅទល់មុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តឡិចស៊ីសLX470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5526 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងតែម្តង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ដោយឡែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ៕



