នាយកចាត់ការទូទៅក្រុមហ៊ុន និប ផន គយ (NIPPON KOEI) ជប៉ុន ចាប់រម្មណ៍អំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនាង នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទនាព្រឹកថ្ងៃ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក. តាមូរ៉ា ស៊ូទូមូ (TAMURA Tsutomu) នាយកចាត់ការទូទៅក្រុមហ៊ុន និប ផន គយ (NIPPON KOEI)  NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនាងនៅកម្ពុជានាពេលអនាគត។
លោក. TAMURA  បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោក និងសហការីចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការជំរុញផលិតកម្មសូត្រ និងចិញ្ចឹមដង្កូវនាងនៅកម្ពុជា។ លោកបានជម្រាបជូនថា ក្រុមហ៊ុនរបស់លោកមានចំណាប់អារម្មណ៍លើផលិតកម្មសូត្រកម្ពុជា ដោយយល់ឃើញថា វាមានគុណភាពល្អ មិនត្រឹមតែសម្រាប់ផលិតសូត្រដូចអ្វីដែលប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់តាមបែបប្រពៃណីតាំងពីបុរាណកាលតរៀងមកនោះទេ ប៉ុន្តែផលិតកម្មសូត្រ និងដង្កូវនាងនេះសម្រាប់ជនជាតិជប៉ុន គេយកវាធ្វើជាគ្រឿងសំអាង ឬឱសថសម្រាប់រក្សាសម្ភស្សស្រ្តីឲ្យនៅក្មេងជាងវ័យ (anti-aging)។ សម្រាប់ផលតិកម្មសូត្រនេះ កម្ពុជាមានសក្តានុពល ប៉ុន្តែគ្រាន់ថាផលិតកម្មនេះនៅមិនទាន់បានអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវលើខ្សែច្រវាក់ផលិតកម្ម និងទីផ្សារដែលជាដើមហេតុចំបងធ្វើឲ្យផលិតកម្មនេះមានការធ្លាក់ចុះ និងបាត់បង់តម្លៃបន្ថែម។
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានឯកភាពលើបញ្ហាទាំងអស់ដែលលោកនាយកបានលើកឡើង និងគាំទ្រចំពោះគម្រោងនេះ។ ហេតុនេះ ឯកឧត្តមបានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាជាបឋមអំពីមូលបញ្ហាសំខាន់ៗដែលធ្វើឲ្យផលិតកម្មសរសៃសូត្រខ្មែរ និងផលិតកម្មចិញ្ចឹមដង្កូវនាងមានការធ្លាក់ចុះឲ្យបានច្បាស់លាស់ បន្ទាប់មកត្រូវដាក់ចេញនូវយន្តការដោះស្រាយសមស្រប ទាន់ពេល និងមានប្រសិទ្ធភាព ដើម្បីលើកស្ទួយ ពង្រឹង និងពង្រីកផលិតកម្មនេះឲ្យមានលក្ខណ:ប្រទាក់ក្រឡាគ្នាចាប់តាំងពីចំណុចចាប់ផ្តើម ដល់ផលិតផលសម្រេច និងទីផ្សារ ដោយត្រូវបញ្ចូលបច្ចេកវិទ្យាថ្មីៗ ទៅក្នុងសង្វាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការប្រកួតប្រជែង  រួមទាំងការធ្វើទំនើបកម្ម ទុនផលិត និងការបណ្តុះបណ្តាល ធ្វើយ៉ាងណាបង្កើនបរិមាណផលិត និងធានាគុណភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បើផលិតកម្មកើន គុណភាពត្រូវបានធានា ទីផ្សារគាំទ្រនោះទើបយើងអាចឈានទៅសម្រេចបានតាមផែនការដែលបានកំណត់។ ហេតុនេះ ដើម្បីឲ្យគម្រោងរបស់ក្រុមហ៊ុនសម្រេចបានជោគជ័យ ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ ហើយក្រុមហ៊ុនត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សា និងរៀបចំគម្រោងនេះឲ្យបានសុក្រឹត្យ ធ្វើយ៉ាងណាឲ្យការអនុវត្តប្រព្រឹត្តទៅដោយរលូន៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner