លោក ញឹក ប៊ុនឆៃ អំពាវនាវដល់អ្នកនយោបាយ-អ្នកវិភាគ សូមឱ្យគិតពីការសាមគ្គីគ្នាជាធ្លុងមួយ ចៀសវាងការញុះញង់ វាយប្រហារគ្នា
ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ បានអំពាវនាវដល់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន សូមធ្វើយ៉ាងណាការចៀសវាងការធ្វើឱ្យមានការញុះញង់ វាយប្រហារគ្នា ពីព្រោះការវិភាគរបស់អ្នកវិភាគមួយចំនួន គឺខុសពីការពិតទាំងស្រុងទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា។ លោកបានបញ្ជាក់ថា បំណងរបស់សម្តេចតេជោចង់យកបទពិសោធន៍ដែលសម្តេចមាន យកទៅចូលរួមជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា ធ្វើយ៉ាងណាឱ្យបានសុខសន្តិភាព និងមានស្ថិរភាពឡើងវិញនៅមីយ៉ាន់ម៉ា។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោកសូមអំពាវនាវដល់អ្នកនយោបាយ និងអ្នកវិភាគសូមឱ្យយកចិត្តទុកដាក់ទៅលើចំណុចសំខាន់មួយ គឺធ្វើយ៉ាងណាការវិភាគនោះសូមគិតពីការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចៀសវាងការធ្វើឱ្យមានការញុះញង់ វាយប្រហារគ្នា យកគ្នាជាសត្រូវ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក៏ផលប្រយោជន៍បក្ខពួកខ្លួន ដោយមិនគិតពីការបែកបាក់របស់ជាតិ របស់ប្រជាជន។ ធ្វើឱ្យកម្ពុជាចុះខ្សោយកិត្តិយស កិត្តិនាមប្រទេស។ សូមឱ្យគិតពីបញ្ហាទាំងអស់នេះ។
លោកបាននិយាយថា លោកបានមើលព័ត៌មានតាមយូធូប ស្តាប់ការវិភាគរបស់អ្នកវិភាគមួយចំនួន គឺមិនបានឆ្លុះបញ្ចាំងនូវការពិត។ តួយ៉ាងដូចជា ការបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ការវិភាគរបស់អ្នកវិភាគមួយចំនួន គឺសុទ្ធតែខុសទាំងអស់ ដែលវិភាគថា សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា បរាជ័យទៅកាន់ជើងខាងយោធា តែធាតុពិតទៅ វាផ្ទុយពីការពិត។ បំណងរបស់សម្តេចតេជោចង់យកបទពិសោធន៍របស់កម្ពុជាដែលសម្តេចមាន ដើម្បីយកទៅចូលរួមជួយដោះស្រាយបញ្ហាទំនាស់នៅមីយ៉ាន់ម៉ា។ គឺបញ្ចប់ទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋ ការបាត់បង់អាយុជីវិតប្រជាពលរដ្ឋនៅមីយ៉ាន់ម៉ា។ ធ្វើយ៉ាងណាឱ្យបានសុខសន្តិភាព និងឱ្យមានស្ថិរភាពឡើងវិញនៅមីយ៉ាន់ម៉ា។ ពិសេសទៅទៀតការធ្វើឱ្យអាស៊ានមូលផ្តុំគ្នា១០ប្រទេសឡើងវិញ។ ទាំងនេះសុទ្ធតែជាបំណងប្រាថ្នាររបស់សម្តេចតេជោ ហ៊ុន សែនមិនមែនដូចជាការវិភាគដែលមើលឃើញតែមួយជ្រុងហើយ វិភាគផ្ទុយពីការពិតនោះទេ ហើយសម្តេចធ្វើនេះ គឺដើម្បីប្រជាជនមីយ៉ាន់ម៉ាទាំងមូល។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បន្តថា អ្នកដែលមានមតិផ្ទុយ និងមានការរិះគន់គួរតែនិយាយពីការពិតខ្លះផង។ និយាយពីជោគជ័យខ្លះផង។ សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា គឺទទួលបានជោគជ័យធំធេងណាស់។ អាចបញ្ចប់ការឈប់បាញ់គ្នាដែលអាចបញ្ចប់ទុក្ខសោក និងបើកឱកាសឱ្យអន្តរជាតិបានយកជំនួយទៅជួយដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា សុទ្ធតែជាចំណុចដែលមានសារៈសំខាន់បំផុតដែលចាប់ផ្តើមដំបូង។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា មីយ៉ាន់ម៉ា និងកម្ពុជា មិនដូចគ្នាទេ វាគ្រាន់តែស្រដៀងគ្នាចំណុចខ្លះ។ នៅមីយ៉ាន់ម៉ាមានជាតិសាសន៍ច្រើន ដោយជនជាតិមួយចំនួនសុទ្ធតែមានកម្លាំងប្រដាប់អាវុធ។ ដូច្នេះវាមិនងាយស្រួលទេ។ ជាង៧០ឆ្នាំមកហើយដែលមីយ៉ាន់ម៉ាមានបញ្ហាជារៀងរហូតមក មិនដែលមានឯកភាពគ្នាជាធ្លុងមួយទាំងស្រុងនៅឡើយទេ៕
ដោយៈពលជ័យ