សេតវិមាន៖ សហរដ្ឋអាមេរិកប្តេជ្ញាថា នឹងធ្វើការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន
វ៉ាស៊ីនតោន៖ មន្ត្រីកំពូលសេតវិមានគំរាមថា ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីធ្វើឱ្យខូចទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ និងប្រើប្រាស់វិធានការនានាដែលសំដៅលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ថ្លែងប្រាប់សារព័ត៌មាន CBS News ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជេក ស៊ុលលីវ៉េន បាននិយាយដូច្នេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងទាក់ទងជាទៀងទាត់ជាមួយសម្ព័ន្ធមិត្ត និងដៃគូ ហើយកំពុងរៀបចំផែនការយ៉ាងសកម្មសម្រាប់ការឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ីដែលអាចកើតមាន។ បើតាមលោក ស៊ុលលីវ៉េន សហរដ្ឋអាមេរិក និងអង្គការណាតូកំពុងធ្វើការលើការបង្កើតសេណារីយ៉ូមួយ ដែលប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកចេញមកនៅលើកំពូល ហើយរុស្ស៊ីបានលេចឡើងនៅក្នុងទីតាំងយុទ្ធសាស្ត្រខ្សោយជាង។ លោកបន្តថា ប្រសិនបើរុស្ស៊ីធ្វើចលនា យើងនឹងចាត់វិធានការចំពោះសេដ្ឋកិច្ចរបស់ពួកគេ ដែលឈានទៅដល់ទីតាំងយុទ្ធសាស្ត្ររបស់ពួកគេនៅអឺរ៉ុប ដែលជាការពង្រឹងសាមគ្គីភាពរបស់អង្គការណាតូ។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមមកពីគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី ចូ បៃដិន បានដាក់ចេញនូវសេចក្តីព្រាងច្បាប់មួយ ដែលមានការរឹតបន្តឹងដែលអាចកើតមានចំពោះរុស្ស៊ី ក្នុងករណីមានភាពតានតឹងកើនឡើងនៅជុំវិញអ៊ុយក្រែន។ ក្នុងនោះ សេចក្តីព្រាងច្បាប់នេះបានស្នើឱ្យដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក មីខែល មីស៊ូស្ទីន ហើយវាក៏ផ្តោតលើធនាគាររុស្ស៊ី និងឧស្សាហកម្មផ្សេងទៀតផងដែរ៕ ប្រភព៖ RT



