រដ្ឋបាលព្រៃឈើសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ រៀប ចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងបទ ល្មើស ព្រៃឈើ
រដ្ឋបាលព្រៃឈើសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងបទល្មើសព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិន ទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ ។
ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស បានគូសបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ជាមួយនឹងគោលបំណងចំបង ដើម្បីផ្សព្វផ្សាយ និងផ្តល់ចំណេះ ដឹងពាក់ព័ន្ធការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ និងបទល្មើសព្រៃឈើ ក្នុងទិដ្ឋភាពរួមទូទាំងប្រទេស និងនូវស្ថានភាពបច្ចុប្បន្នចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកំពុងអនុវត្តទាំងនៅកម្រិតមូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ និងលើកទឹកចិត្តការពិភាក្សាស្ថាបនាក្នុងចំណោមមន្ត្រីនគរបាលយុត្តិធម៌(ព្រៃឈើ និងសត្វព្រៃ) និងអ្នកពាក់ព័ន្ធក្នុងការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃ និងការអនុវត្តការឆ្លើយតបដែលមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា និងភាពមិនស៊ីសង្វាក់គ្នា ដែលរាំងស្ទះដល់ដំណើរការទប់ស្កាត់ប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងសត្វព្រៃនាពេលបច្ចុប្បន្ន។
ឯកឧត្តម ឃាង សេង តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម គឺជាការងារ សំខាន់ ចាំបាច់ និងបន្ទាន់ដែលតម្រូវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់សហការអនុវត្តតាមកិច្ចសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្ដែង រាជរដ្ឋាភិបាល បានចេញ ស.ជ.ណ. លេខ៣៣៨ សជណ ធ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវខិតខំ អនុវត្តតាមផែនការសកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ តាមកាលបរិច្ឆេទឲ្យ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការទទួលខុសត្រូវរបស់ក្រសួង សា្ថប័នរៀងៗខ្លួន។ ឆ្លើយតបនឹងចំណុចនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដើម្បីអនុវត្តនូវផែនការសកម្មភាពដែលកំណត់ដោយក្រុមរួមរបស់ APG និងផែនការសកម្មភាពដែលបានកំណត់ក្នុង យុទ្ធសាស្ត្រជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម ឆ្នាំ២០១៩-២០២៣។
កិច្ចប្រជុំ និងយន្តការជាច្រើនត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាត្រួតពិនិត្យលើវឌ្ឍនភាពការងារ AML/CFT។ បន្ថែមលើនេះទៀត អង្គភាពប្រឆាំង អំពើពុករលួយក៏បានបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការអនុវត្តច្បាប់សម្រាប់ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ (WGML) ដើម្បីពង្រឹងកិច្ចសហការគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាន និងសម្រួលការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ហើយតំណាងរដ្ឋបាលព្រៃឈើ២រូបជាសមាជិកក្រុមការងារនេះដែរ។
ដើម្បីសម្រេចបាននូវគោលបំណងខាងលើនេះ ឯកឧត្តម សូមលើកទឹកចិត្ត ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី យកចិត្តទុកដាក់ស្តាប់ រៀនសូត ចូលរួមពិភាក្សា និងសួរជាសំណួរឲ្យបានផុស ផលក្នុងកម្មវិធីនេះ ដើម្បីទទួលបានពុទ្ធិថ្មីៗ វិធីសាស្ត្រ និងការអនុវត្តល្អៗ ដើម្បីអនុវត្ត និងបង្កើនប្រសិទ្ធភាពថែមទៀតលើការងារប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា៕








