សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញមួយចំនួនទៀត នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញមួយចំនួនទៀត នៅមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក មានដូចជា ឯកឧត្តមនាយឧត្តមសេនីយ៍ វង្សពិសេស អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផងដែរ។
ប្រមុខការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមករានេះថា “ខ្ញុំពិតជាមានការសប្បាយរីករាយដោយពិនិត្យឃើញសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹកសម្រេចបាននៅមូលដ្ឋានសមុទ្រ នៅឆ្នាំ២០២១នេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន សម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងការងារជំនាញផ្សេងៗទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”៕
ដោយៈពលជ័យ




