សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Amjad ALi sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។

ក្នុងជំនួបនោះ ឯកឧត្តម Amjad ALi sher បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរសម នាពេលនេះ ។ ក្នុងឱកាសដែរ ឯកឧត្តម បញ្ចប់បេសកកម្មកាទូតពីព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តម បានជម្រាបជូនសម្តេចតេជោថា រយៈពេល៦ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមបានរួមចំណែកជាច្រើន ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន ក្នុងការលើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ ពិសេសក៏បានចូលរួមចំណែកផងដែរ ក្នុងការរៀបចំឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាអាទិ៍ដូចជា ការនាំមកនូវទស្សនកិច្ចរវាងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន មកកម្ពុជា និងការចូលរួមសន្និសីទផ្សេងៗទៀត របស់ថ្នាក់ដឹកនាំប៉ាគីស្ថាននៅកម្ពុជា ។

ឯកឧត្តម បានសម្ដែងនូវសេចក្តីរីករាយ ចំពោះការទទួលបានបទពិសោធន៍ពីកម្ពុជា ជាពិសេស នយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលវាជាមេរៀនដល់ប្រទេសដទៃផ្សេងទៀត សិក្សារៀនសូត្រជាបទពិសោធន៍មួយ ដែលនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមជាមួយភាពសុខដុមរវាងប្រជាជន សាសនា និងសាសនាផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា ជាប្រទេសដ៏ស្រស់បំព្រង ដែលគួរឲ្យចង់រស់នៅ និងស្នាក់អាស្រ័យ ក្នុងន័យនេះ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តម នឹងចងចាំនូវអ្វីដែលបានចូលរួមចំណែកជាមួយនឹងកម្ពុជា និងអ្វីដែលទទួលបាន តាមរយៈបទពិសោធន៍ពីព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលរួមចំណែកបន្ថែមទៀត ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តមបានធ្វើការងារយ៉ាងច្រើននៅក្នុងការជំរុញពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ឯកឧត្តម បានរៀបចំខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លើកទី៦៥ ជំរុញអោយទស្សនកិច្ចរបស់ប្រធានរដ្ឋសភា ប៉ាគីស្ថាន និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ប៉ាគីស្ថានមកកាន់កម្ពុជាផងដែរ។ ឯកឧត្តម ក៏បានចូលរួមចំណែកផងដែរ ក្នុងការលើកស្ទួយទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមួយនឹងកម្ពុជា ។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនេះហើយ ដែលជាមូលដ្ឋាន សម្រាប់ការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម Amjad ALi sher ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ និងជូនពរឲ្យឯកឧត្តមជោគជ័យ ក្នុងបេសកកម្មរបស់ឯកឧត្តម ជាបន្តបន្ទាប់ទៀត៕ធ.ដ