អង្គការណាតូ៖ ខ្លួនកំពុងដាក់កម្លាំងអោយប្រុងជើងការ និងពង្រឹងអឺរ៉ុបខាងកើត ចំពេលមានភាពតានតឹងជុំវិញវិបត្តិអ៊ុយក្រែន
ព្រុចសែល៖ អង្គការណាតូបញ្ជាក់ថា ខ្លួនកំពុងដាក់កម្លាំងឱ្យប្រុងជើងការ និងពង្រឹងអឺរ៉ុបខាងកើតជាមួយនាវា និងយន្តហោះចម្បាំងបន្ថែមទៀត នៅក្នុងអ្វីដែលរុស្ស៊ីបានថ្កោលទោសថា ជា “រោគចិត្ត” របស់លោកខាងលិច ក្នុងការឆ្លើយតបទៅនឹងការបង្កើនកងទ័ពរបស់ខ្លួននៅតាមព្រំដែនអ៊ុយក្រែន។
អគ្គលេខាធិការអង្គការណាតូលោក ជែន ស្តូលធិនបឺក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ណាតូនឹងចាត់វិធានការចាំបាច់ទាំងអស់ ហើយថា យើងនឹងឆ្លើយតបជានិច្ចចំពោះការថយចុះណាមួយ នៃបរិយាកាសសន្តិសុខរបស់យើងរួមទាំងតាមរយៈការពង្រឹងការការពាររួមរបស់យើង។លោកបានប្រាប់សន្និសីទសារព័ត៌មានថា វត្តមានដែលបានពង្រឹងនៅផ្នែកខាងកើតរបស់អង្គការណាតូក៏អាចរួមបញ្ចូលផងដែរ នូវការដាក់ពង្រាយក្រុមសមរភូមិនៅភាគអាគ្នេយ៍នៃសម្ព័ន្ធមិត្ត។ មកទល់ពេលនេះ អង្គការណាតូមានកងទ័ពប្រមាណ ៤ពាន់នាក់នៅក្នុងកងវរសេនាតូចចម្រុះជាតិសាសន៍នៅក្នុងប្រទេសអេស្តូនី លីទុយអានី ឡេតូនី និងប៉ូឡូញ ដែលគាំទ្រដោយរថក្រោះខែលការពារដែនអាកាស និងអង្គភាពស៊ើបការណ៍ និងឃ្លាំមើល។
អង្គការណាតូបានបញ្ជាក់ថា ប្រទេសដាណឺម៉ាក អេស្ប៉ាញ បារាំង និងហូឡង់ សុទ្ធតែមានផែនការ ឬពិចារណាក្នុងការបញ្ជូនកងទ័ព យន្តហោះ ឬនាវាទៅកាន់អឺរ៉ុបខាងកើត។ អ៊ុយក្រែនមានព្រំប្រទល់ជាប់នឹងប្រទេសចំនួនបួនរបស់អង្គការណាតូ គឺប៉ូឡូញ ស្លូវ៉ាគី ហុងគ្រី និងរូម៉ានី៕ ប្រភព៖ CNA



