កម្ពុជាទទួលបានចំណូលជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៦១១លាន៧៧ម៉ឺន៨១៤ដុល្លារក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៦១០លាន២៥ម៉ឺន៥ពាន់៨០០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១លាន៥១ម៉ឺន៥ពាន់១៤.៨៤ដុល្លារ។
ចំពោះបរិមាណនៃការនាំចេញគិតត្រឹមឆ្នាំ២០២១ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៣៦ម៉ឺន៦ពាន់៣០០តោន កើនឡើងចំនួន២ម៉ឺន៨ពាន់តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤៥៤ម៉ែត្រគូប។សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឆ្នាំ២០២១ ថ្លៃ១ពាន់៦៦៦ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៨៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០ម៉ឺន៤ពាន់៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១ម៉ឺន១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩ម៉ឺន៣ពាន់៨៥១ហិកតា ស្មើនឹង២៣%។
គូសបញ្ជាក់ថា ឆ្នាំ២០២០ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ៣៥ម៉ឺនតោន ទទួលបានចំណូលជាង ៤៨២លានដុល្លារ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕
។។។។



