សម្តេច ស ខេង ព្រលះរដ្ឋមន្ត្រីម្នាក់ ជុំវិញការចេញអាជ្ញាប័ណ្ណសារធាតុដែលអាចផ្សំចេញជាគ្រឿងញៀនបាន

សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ព្រលៈ​ខ្លាំង​លើ​រដ្ឋមន្ត្រី​មួយ​រូប​ដោយ​មិន​បញ្ចេញ​ឈ្មោះ និង​ស្នើ​រដ្ឋមន្ត្រី​មួយ​រូប​ឱ្យ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជុំវិញ​ការ​ឱ្យ​អាជ្ញាប័ណ្ណ​នៃ​ការ​នាំ​ចូល​ដោយ​ស្របច្បាប់​នូវ​សារធាតុ​មួយ​ចំនួន ដែល​សារធាតុ​នោះ​អាច​បំ​លែង​ទៅ​ជា​គ្រឿងញៀ.ន​បាន ខណៈ​ពេល​នេះ​គ្រឿងញៀ.ន កំពុង​តែ​វាយលុក មក​លើ​សង្គម​កម្ពុជា​យើង​យ៉ាងធ្ងន់ធ្ងរ ។

ថ្លែង​ក្នុង​ពិធី​ប្រគល់​រថយន្ដ ជូន​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន ប្រចាំ​ទិស​ភូមិភាគ​ទី​១ ភូមិភាគ​ទី​២ និង​ភូមិភាគ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​នៅ​អគ្គស្នងការ​នគ​បាល​ជាតិ​សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា ការពារ​សុខ​សន្តិភាព សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​គឺ​ពិតជា​រឿង​សំខាន់ ប៉ុន្តែ​បញ្ហា​សន្តិសុខ វា​នៅ​តែ​ជា​បញ្ហា​ដែល​យើង​ត្រូវ​បន្ត​ធ្វើ​ជាប់​ជា​ប្រចាំ ដូច​ករណី​អំពើ​ចោរលួច ចោរប្លន់ ជា​ពិសេស​បទល្មើស​គ្រឿងញៀ.ន ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បន្ត​ថា សព្វ​ថ្ងៃនេះ អ្នក​ជាប់​ឃុំ ចំនួន ៣៨០០០ នាក់ បើ​យើង​គិត​ជា​ភាគរយ អ្នក​ជាប់​ឃុំ​នោះ ដោយសារ​គ្រឿងញៀ.ន​មាន​រហូត​ទៅ​ដល់ ៥៤,៥២ ភាគរយ ។ «​ដូច្នេះ គ្រឿងញៀ.ន​កំពុង​តែ​វាយលុក មក​លើ​សង្គម​កម្ពុជា​យើង​យ៉ាងធ្ងន់ធ្ងរ ដែល​យើង​មិន​អាច​មើល​រំលង​បាន​» ។ សម្តេច ស ខេ​ង បញ្ជាក់ ។ សម្តេច ស ខេ​ង បន្ថែម​ថា យើង​ត្រូវ​រក​មូលហេតុ​របស់​វា​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​យើង​រួម​គ្នា​ដោះស្រាយ ។ ប៉ុន្តែ​មាន​មូលហេតុ​ដែល​យើង​អាច​ដឹង​បានជា​បឋម គឺ​ការ​ឆ្លង​ដឹក​ជ​ញ្ជួ​ន​គ្រឿងញៀ.ន​ឆ្លងកាត់ គ្រឿងញៀ.ន​ដែល​បាន​កែ​ច្នៃ​ហើយ​ឆ្លងកាត់​តាម​ច្រកព្រំដែន បណ្តា​ប្រទេស​ជាប់​ព្រំដែន​ជាមួយ កម្ពុជា ។

ទន្ទឹម​នេះ​ទៀត ការ​នាំ​ចូល​នូវ​សារធាតុ​ដែល​អាច​ផ្សំ​ជា​គ្រឿងញៀ.ន​បាន ដែល​គេ​ហៅ​ថា​គ្រឿងញៀ.ន​សំយោគ ។ នគរបាល កងរាជអាវុធហត្ថ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​និង​អ្នក​ពាក់ព័ន្ធ ដោយ​បាន​បង្ក្រាប​យ៉ាង​ចាស់ដៃ ហើយ​មិន​ធ្លាប់​មាន មួយ​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​សម្បើម​ណាស់ ពិសេស​ចុង​ក្រោយ​រក​ឃើញ​សារធាតុ​ញៀ.ន​ដែល​គេ​ដឹក​ចូល​មក​ដោយ​ស្របច្បាប់ មិនមែន​លួចលាក់ រាប់​សិប​តោន (​ជាង ១០០​តោន​) ។ តែ​សួរ ថា អា​គ្រឿងញៀន​ចូល​តាម​ច្រកព្រំដែន​ឡាវ ព្រំដែន​ថៃ ព្រំដែន​វៀតណាម ចូល​មក​ដោយ​លួចលាក់ ជា​សារធាតុ​ញៀ.ន​ដែល​គេ​ផ្សំ​ហើយ ចាប់​បាន​រាប់រយ អាច​ពាន់​គីឡូ ប៉ុន្តែ​សារធាតុ​ដែល​គេ​អាចយ​កមក​ផ្សំ​ធ្វើ​គ្រឿងញៀ.ន​បាន ហើយ​ចូល​មក​ដោយ​ស្របច្បាប់ មាន​រហូត​ដល់​រាប់រយ​តោន ដែល​ថ្មី​ៗ​នេះ ៣ ថ្ងៃមុន​រក​ឃើញ​ជាង ១០០ តោន​។ នេះ​ជា​ការ​ប្រកាស​របស់​សម្តេច ស ខេ​ង ។

«​អ៊ីចឹង​សុំ​សួរ​ថា​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ ។ អ្នក​ណា​ទទួលខុសត្រូវ​ក្នុង​ការ​នាំសារ​ធាតុ​ញៀ.ន​ហ្នឹង​មក ។ ខ្ញុំ​គិត​ថា​រក​ឱ្យ​ឃើញ​អ្នក​ទទួលខុសត្រូវ ព្រោះ​នាំ​គ្នា​ស៊ី​ញ៉េ អនុញ្ញាត​ឱ្យ​គេ​យក​ចូល​មក​» ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​បែប​នេះ ដោយ​ប្រៀបធៀប​ថា ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​សារធាតុ​មួយ​ចំនួន​ចូល​ដោយ​ស្របច្បាប់ គឺ​ប្រៀប ដូច​ជា​ករណី​ចោរលួច​ឡាន ចោរលួច​ឡាន​ថ្មី តែ​គេ​មិន​អាច​នាំ​ឡាន​ទាំងមូល​ចូល​បាន​ទេ ។ ម្តង​គេ​នាំ​កង់ ២ ក្រោយ​ទៀត​នាំ​កង់​២ ទៀត ម្តង​នាំ​ម៉ាស៊ីន ម្តង​នាំ​តួ ចុង​ក្រោយ​គេ​ផ្គុំ​បានជា​ឡាន​ថ្មី ដូច​យក​ឡាន​ទាំងមូល​មក​អ៊ីចឹង ។

រូបតំណាង

សម្តេច ស ខេ​ង បន្ត​ថា «​សារធាតុ​ញៀ.ន​នេះ ខ្ញុំ​គិត​ទេ គិត​ថា​ដូច​គ្នា​ទៅ​ចុះ វា​អត់​មានអី​ខុស​ទេ អ៊ីចឹង​ហើយ សុំ​ឱ្យ​ក្រសួង ដែល​ជា​ក្រសួង​អាជ្ញាប័ណ្ណ ខ្ញុំ​មិន​ចេញ​ឈ្មោះ​ទេ សុំ​ឯកឧត្តម​រដ្ឋមន្ត្រី មើល​រឿង​ហ្នឹង មិន​អ៊ីចឹង​ឯកឧត្តម ជាប់ជំពាក់​ទទួលខុសត្រូវ ចំពោះ​កម្ពុជា ទាក់ទង​នឹង​ការ​បំផ្លាញ​សុខភាព​សាធារណៈ ។

ហើយ​អាជ្ញាធរ​គ្រឿងញៀ.ន​ដូច​គ្នា ត្រូវ​តែ​មើល​រឿង​ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ទៅ​តាម ។ បើ​ឱ្យ​អាជ្ញាប័ណ្ណ​ហើយ អាជ្ញាធរ​គ្រឿងញៀ.ន​ត្រូវ​តាម​ថា សារធាតុ​នេះ ឬ​សារធាតុ​អី​ខ្លះ ដែល​គេ​អាចយ​កមក​ផ្សំ​ធ្វើ​ជា​គ្រឿងញៀ.ន​បាន ។ ត្រូវ​តែ​ឱ្យ​បញ្ជី​នោះ ទៅ​ក្រសួង​នុង​ឱ្យ​ដឹង រួច​ហើយ​ក្រសួង​នុង ដែល​ចេញ​អាជ្ញាប័ណ្ណ​ហើយ​នោះ ត្រូវ​តែ​ប​ញ្ជួ​ន​មក​ឱ្យ​អាជ្ញាធរ​គ្រឿងញៀ.ន បានដឹងអគ្គស្នងការ​នគរបាល​ក្រសួងមហាផ្ទៃ​ត្រូវ​ដឹង ថា​ខ្ញុំ​អនុញ្ញាត​ឱ្យ​អ​ញ្ចេះ សូម​ជួយ​តាមដាន​មើល​ថា​ តើ​ចរាចរណ៍​វា​ទៅ​ដល់​ណាយក​ទៅ​ធ្វើ​អី បើ​សុំ​ធ្វើ​ជី តែ​ទីបំផុត​មិន​ធ្វើ​ជី បែរជា​ធ្វើ​ថ្នាំ ។

តើ​វា​យ៉ាងម៉េច បានជា​មិន​ទាក់ទង​គ្នា មិន​ផ្តល់​ព័ត៌មាន​ឱ្យ​គ្នា ។ មិនមែន​ជា​រដ្ឋ​ដោយឡែក​ៗ​ទេ ជា​រដ្ឋ​ឯកភាព រដ្ឋ​ទោល ម៉េច​មិន​ប្រាប់​ឱ្យ​គ្នា ។ «​សុំ​ឯកឧត្តម​រដ្ឋមន្ត្រី ទទួល​បន្ទុក​ការងារ​នេះ សុំ​ឱ្យ​មើល​រឿង​ហ្នឹង កុំ​ត្រូវ​មើល​ស្រាល បើ​មិន​អ៊ីចឹង​ឯកឧត្តម​ជំពាក់​ទទួលខុសត្រូវ​ចំពោះ​ជាតិ និង​ប្រជាជន​អំពី​ការ​បំផ្លាញ​សុខភាព​សាធារណៈ ។ មិនមែន​ត្រឹម​បំផ្លាញ​សុខភាព​សាធារណៈ​ទេ គឺ​បំផ្លាញ​សេដ្ឋកិច្ច​សង្គម​តែ​ម្តង ។ «​ខ្ញុំ​និយាយ​បែប​ធ្ងន់​ពេក ក៏​ប៉ុន្តែ​វា​ត្រូវ​តែ​និយាយ ។ សុំ​ទោស ខ្ញុំ​គ្មាន​បំណង​អី ក្រៅ​តែ​ពី​ធ្វើ​ម៉េច​យើង​រួម​គ្នា​ដើម្បី​នឹង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន​» ។

បើ​រក​ឃើញ លាក់​រក​ឃើញ ១០០​តោន​ជាង ដើម្បី​ផ្សំ​ផលិត​ជា​គ្រឿងញៀ.ន ហើយ​សំខាន់​សារធាតុ​នោះ​នាំ​ចូល​មានច្បាប់​ទៀត ។ សម្តេច​បាន​បន្ត​ថា សារធាតុ​អ្វីខ្លះ​យក​ផ្សំ​ធ្វើ​គ្រឿងញៀ.ន​បាន រួច​ធ្វើ​បញ្ជី​ប​ញ្ជួ​ន​ទៅ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បានដឹង ហើយ​ក្រសួង​ពាក់ព័ន្ធ​ទាំងឡាយ​នុង ពេល​បាន​បញ្ជី​ហើយ ហើយ​បានឱ្យ​អាជ្ញា​បណ្ណ​ទៅ​ក្រុមហ៊ុន​ណា​ក៏​ដោយ ក្នុងស្រុក ឬ​ក្រៅ​ស្រុក គឹ​ត្រូវ​តែ​ចម្លង​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​តាមដាន​ថា​ចរាចរណ៍ ដល់​ណា ថា​យក​មក​ប្រើ​ជា​ជី ឬ​ប្រើ​ជា​អ្វី​បម្រើ​ដល់​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ទេ ។ ត្រូវធ្វើ​ឱ្យ​ច្បាស់លាស់ អត់​មើល​ស្រាល​បាន​ទេ ៕

ads banner