បុរសម្នាក់គិតខ្លីចង់សម្លាប់ខ្លួន ដោយសារមានជំងឺប្រចាំកាយ ត្រូវបានស្នងការនគរបាលខេត្តកំពង់ឆ្នាំង អន្តរាគមន៍ជួយនាំទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយជោគជ័យ

ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ២០២២ បានដឹកនាំស្នងការរងនិងមន្ត្រីនគរបាល នាំអំណោយទៅផ្ដល់ជូនដល់អ្នកជំងឺម្នាក់ដែលលោកស្នងការបានជួយបញ្ជូនទៅសង្គ្រោះដោយធ្វើការវះកាត់ និងព្យាបាលបានធូស្បើយ ដោយជោគជ័យ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឲ្យដឹងថា បុរសអ្នកជំងឺខាងលើមានឈ្មោះ ម៉ម គង់ អាយុ ៥៨ឆ្នាំមានទីលំនៅភូមិច្រកត្នោត ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

បុរសខាងលើមានជំងឺប្រចាំកាយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជំងឺអ្វីឲ្យប្រាកដនោះទេ គ្រាន់តែដឹងថា ក្រោយពីកើតជំងឺប្រចាំកាយ គ្មានលទ្ធភាពព្យាបាល អស់រយៈពេលជាច្រើនឆ្នាំកន្លងមក បុរសរូបនោះធ្លាប់បានគិតខ្លី រកកលបញ្ចប់ជីវិតខ្លួនឯងទៀតផង ។

ក្រោយពីដឹងដំណឹងនេះ លោកស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យស្ថានភាពជំងឺ និងបានធានាចេញថ្លៃព្យាបាល ដោយបានដឹកមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បន្ទាប់មកក្រុមគ្រូពេទ្យពិនិត្យនិងបានធ្វើការវះកាត់ព្យាបាល ដោយជោគជ័យ ។

នៅរសៀលនេះដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានដឹកនាំមន្ត្រីនគរបាលនាំអំណោយទៅផ្ដល់ជូនបុរសខាងលើ ដែលក្នុងនោះ រួមមានទឹកសុទ្ធវីតាល់ ២កេស ទឹកដោះគោឆៅ ២ឡូ ទឹកដោះគោខាប់ ១០កំប៉ុង ទឹកសេរ៉ូថៃ ៤ដប ផ្លែឈើ ១កន្ត្រកធំ និង ថវិកា ចំនួន ១លានរៀលផងដែរ ។

ដោយឡែកអ្នកជម្ងឺដែលសម្រាកព្យាបាលនៅបន្ទប់ជាមួយ មានចំនួន ៥នាក់ ព្រមទាំងគ្រូពេទ្យចំនួន ៥នាក់ក្នុងម្នាក់ៗ ឧបត្ថម្ភចំនួន ១០ម៉ឺនរៀលផងដែរ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner