អ្នកឧកញ៉ា គិត ម៉េង៖ ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតក្នុងឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលវិបាកធ្ងន់ធរពីវិបត្តិកូវីដ-១៩
ភ្នំពេញ៖ ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតក្នុងឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលសេដ្ឋកិច្ចពិភពលោកកំពុងរងផលវិបាកធ្ងន់ធរដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងន័យនេះ សម្រាប់អណត្តិថ្មីឆ្នាំ២០២២ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានកំណត់យកមូលបទ «ការតភ្ជាប់អាស៊ីខាងកើតសម្រាប់ការស្តារក្នុងតំបន់ប្រកបដោយ ថាមពល បរិយាបន្ន និងចីរភាព»។

នេះជាប្រសាសន៍របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលភារៈជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២២ បន្តវេនពីលោក ហាគី ជូ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២១ ដែលបានបញ្ចប់អណត្តិ។ ពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ឆ្នាំ២០២២ ពីកូរ៉េមកកម្ពុជានេះ ធ្វើឡើងនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា។ ក្រៅពីទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតឆ្នាំ២០២២នេះ អ្នកឧកញ៉ា គិត ម៉េង ក៏ទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បន្តវេនពីលោកស្រី យ៉ានទី ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២១ ព្រុយណេដែលបានបញ្ចប់អណត្តិផងដែរ។

នាឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្លូវការនេះ និងបានគាំទ្រអ្នកឧកញ៉ាជាប្រធានក្រុមប្រឹក្សា។ ទន្ទឹមនេះ ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតបានដាក់ចេញនូវកម្មវិធីគាំទ្រចម្បងៗចំនួនបី គឺទី១. ការកែសម្រួលវិសាលភាពពាណិជ្ជកម្មក្នុងតំបន់តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្សព្វផ្សាយអំពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងដើរតួជាយន្តការក្នុងការស្តារសេដ្ឋកិច្ច និងធុរកិច្ច ក្នុងតំបន់អាស៊ីខាងកើត។ ទី២. ការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ -១៩ តាមរយៈផលចំណេញពីប្រសិទ្ធភាព និងផលិតភាពនៃនវានុវត្តន៍ឌីជីថលសម្រាប់វិស័យធុរកិច្ចក្នុងតំបន់ និងទី៣. ការកសាងឡើងវិញនូវខ្សែរច្រវាក់ផលិតកម្មតំបន់ដែលធន់នឹងវិបត្តិ និងស្តារឡើងវិញនូវការធ្វើដំណើរឆ្លងដែនដោយសម្រាប់ធុរកិច្ចដោយរលូន និងប្រកបដោយសុវត្ថិភាព ស្របពេលជាមួយគ្នានោះ ក៏ជួយជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងសកម្មភាពធុរកិច្ច។

ជាចុងក្រោយនេះ អ្នកឧកញ៉ាប្រធាន បានស្នើសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតទាំង១៣ប្រទេស បន្តគាំទ្រ និងចូលរួមចំណែកអនុវត្តកម្មវិធីអាទិភាពនានារបស់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ស្របតាមមូលបទដែលបានកំណត់ដើម្បីប្រយោជន៍រួម៕












