វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនានទី៩ ជំនាន់ទី១០ និងជំនាន់ទី១១
ដីឥដ្ឋ៖ លោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថាន បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី៩ ឆ្នាំទី៤ ឆមាសទី១ ជំនាន់ទី១០ ឆ្នាំទី២ ឆមាសទី២ និងជំនាន់ទី១១ ឆ្នាំទី១ ឆមាសទី២ នៅអគារD ដោយមានការចូលរួមពីសាស្ត្រាចារ្យ/គ្រូ ថ្នាក់ដឹកនាំ និងមន្ត្រីជាច្រើនរូបនៅព្រឹកថ្ងៃទី២៧ ខែមករានេះ ។
លោកប្រធានអង្គប្រជុំ បានលើកឡើងថា ដោយអនុវត្តតាមផែនការគ្រប់គ្រងវគ្គសិក្សានីមួយៗ តម្រូវឱ្យធ្វើការផ្សព្វផ្សាយកម្មវិធីសិក្សាជូនដល់សាស្ត្រាចារ្យ/គ្រូ ដើម្បីផ្តល់ជាដំណឹងនិងត្រៀមលក្ខណៈក្នុងការបង្ហាត់បង្រៀន តាមផែនការកំណត់។ សម្រាប់វគ្គសិក្សាទាំង៣ខាងលើ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
បន្ទាប់ពីបានផ្សព្វផ្សាយកម្មវិធីសិក្សានិងអនុញ្ញាតឱ្យសមាជិកចូលរួមមតិយោបល់រួចមក លោកប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមាននិងកោតសរសើរដល់សាស្ត្រចារ្យ/គ្រូ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលមានកិច្ចសហការល្អជាមួយវិទ្យាស្ថាន។
ជាចុងក្រោយ លោកប្រធានអង្គប្រជុំ បានមានមតិផ្តាំផ្ញើមួយចំនួនដូចខាងក្រោម៖
១- ស្នើដល់គ្រូនិងអ្នកពាក់ព័ន្ធ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីសិក្សាដែលបានដាក់ចេញ
២- ស្នើដល់គ្រូផ្តល់នូវឯកសារពាក់ព័ន្ធនានា មកវិទ្យាស្ថានឱ្យបានទាន់ពេលវេលា
៣- ស្នើដល់គ្រូផ្តល់ព័ត៌មានមកវិទ្យាស្ថាន ករណីមានធុរៈឬបេសកម្មផ្សេងៗ
៤- ស្នើដល់គ្រូជួយពង្រឹងវិន័យ អនាម័យ សណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងម៉ោងបង្រៀន
៥- ស្នើដល់គ្រូផ្តល់ឈ្មោះនិស្សិតដែលមិនគោរពវិន័យមកវិទ្យាស្ថាន ដើម្បីមានវិធានការ។ដោយ-រ៉ាវុធ









