សម្ដេច ស ខេង អនុញ្ញាតឱ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីត ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានជម្រាបជូនសម្តេចក្រឡាហោម ពីគោលបំណងរបស់ឯកឧត្តម ក្នុងការធ្វើដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ។ ដោយឯកឧត្តមបានជម្រាបជូនបញ្ជាក់ថា គោលបំណងទី១ គឺការត្រៀមរៀបចំដំណើរទស្សនកិច្ចនៅឆ្នាំក្រោយ របស់ប្រតិភូធុរកិច្ចជប៉ុន ដែលរួមមានក្រុមហ៊ុនSMEជប៉ុនជាច្រើន ទី២ ការអនុវត្តគម្រោងដែលហៅថាសូត្រមាសរបស់កម្ពុជា (Cambodia Golden Silk) ដែលគម្រោងនេះនឹងជួយលើកកម្ពស់សិប្បកម្មសូត្រនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ជម្រាបជូនបន្តថា សម្រាប់ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនSMEជប៉ុន មកកាន់កម្ពុជានៅឆ្នាំក្រោយនោះ ឯកឧត្តមបានឱ្យដឹងថា ក្រុមហ៊ុនទាំងនោះធ្លាប់បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជាម្តងរួចមកហើយកាលពីខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះប្រតិភូធុរកិច្ចក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផងដែរ ក្នុងជំនួបនាឱកាសនោះក្រុមអ្នកវិនិយោគបានទទួលអនុសាសន៍ណែនាំផ្សេងៗជាច្រើនពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបប្រតិភូធុរកិច្ចSMEរបស់ជប៉ុនទាំងនោះធ្វើការពន្យារពេលមកទស្សនកិច្ចនៅកម្ពុជារហូតដល់បច្ចុប្បន្ន ប៉ុន្តែពេលនេះស្ថានភាពជំងឺកូវីដ១៩ ជប៉ុន-កម្ពុជា មានភាពធូរស្រាល ទើបឯកឧត្តម ត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២សាជាថ្មីនៅឆ្នាំក្រោយ។
ឯកឧត្តម បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសមាគមជប៉ុន-កម្ពុជា (JCA) បានជំរុញ និងទាក់ទាញក្រុមហ៊ុនSMEជាច្រើនឱ្យក្លាយជាសមាជិក ក្នុងនោះសមាគមក៏បានទាក់ទាញឱ្យក្រុមអ្នកវិនិយោគទាំងនោះ មកធ្វើការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានសម្តែងការរីករាយ និងសង្ឃឹមជឿជាក់ថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាលើកទី២របស់ប្រតិភូធុរកិច្ចSMEរបស់ជប៉ុននៅឆ្នាំក្រោយ សម្តេចក្រឡាហោម និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ទទួលជួបប្រតិភូធុរកិច្ច ដើម្បីអាចទទួលបាននូវបទពិសោធន៍ និងអនុវសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ក្នុងការវិនិយោគនៅកម្ពុជាពីសំណាក់សម្តេចក្រឡាហោម ស ខេង ផងដែរ។
លើសពីនេះទៀត ឯកឧត្តមក៏បានលើកឡើង ពីមូលនិធិមួយរបស់កម្ពុជា ដែលមានឈ្មោះថាមូលនិធិ «សម្តេចតេជោអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម»ដែលមានសម្តេចក្រឡាហោមជាប្រធានកិត្តិយស ហើយមូលិធិនេះបង្កើតឡើងដើម្បីប្រមូលទុន និងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋធ្វើការនៅក្នុងវិស័យSMEដើម្បីលើកកម្ពស់SMEនៅកម្ពុជា។
ជាការឆ្លើយតបនឹងការលើកឡើងរបស់ ឯកឧត្តម Takahashi Fumiaki សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ប្រធានសមាគមជប៉ុន-កម្ពុជា ដោយសម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា SME នេះពិតជាមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច។ នាឱកាសនោះ សម្ដេចក្រឡាហោម ក៏បានស្នើដល់ឯកឧត្តម Takahashi Fumiaki ឱ្យពិនិត្យលទ្ធភាពសហការជាមួយមូលនិធិសម្តេចតេជោអភិវឌ្ឍសហគ្រាសធនតូច និងមធ្យម ដើម្បីលើកកម្ពស់ការទំនាក់ទំនងរួមគ្នា។ ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងជូនពរឱ្យឯកឧត្តម ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា៕ដោយ-រ៉ាវុធ



