អាជ្ញាធរខេត្តកំពង់ឆ្នាំង អនុញ្ញាតឱ្យរុះរើ និងវាយកម្ទេចចោលសំណង់ផ្ទះចំនួន ១៣ល្វែង ដែលមានអាយុកាលជិត ១០០ឆ្នាំ មានសភាពចាស់ទ្រុឌទ្រោម
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចេញលិខិត អនុញ្ញាតឲ្យសំណង់ទាំង ១៣ល្វែងដែលជា កម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ១២គ្រួសារធ្វើការកម្ទេចចោលដើម្បីសាងសង់សំណង់សារជាថ្មី យោងតាមពាក្យស្នើសុំ របស់ប្រជាពលរដ្ឋ ។
នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងជាតំណាងឯកឧត្តមអភិបាលខេត្ត អាជ្ញាធរក្រុង សង្កាត់ និងកម្លាំងសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង បានចុះពិនិត្យសំណង់ទាំង ១៣ល្វែង ដែលទទួលខុសត្រូវរុះរើដោយក្រុមហ៊ុនឯកជន និងប្រគល់លិខិតអនុញ្ញាតដល់បងប្អូនប្រជាពលរដ្ឋទាំង ១២គ្រួសារផងដែរ ។
អាជ្ញាធរខេត្តបានបញ្ជាក់លិខិតឱ្យម្ចាស់ផ្ទះធ្វើការវាយកម្ទេចចោល ដោយសាមីខ្លួនត្រូវប្រតិបត្តិការមានលក្ខខ័ណ្ឌចំនួន ៥ រួមមាន
១-ហាមប្រើប្រាស់ផ្លូវសាធារណៈ ដែលជាចំណតយានយន្ត កន្លែងទុកដាក់សម្ភារៈសំណង់ នឹងឧបករណ៍សំណង់គ្រឿងចក្រសាងសង់ដោយគ្មានការ
អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
២-ត្រូវរកក្រុមហ៊ុនមកធ្វើការរុះរើឲ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស ជៀសវាងនូវការផលប៉ះពាល់ដល់សំណង់អ្នកជិតខាង។
៣-ត្រូវធ្វើការហ៊ុព័ទ្ធការដ្ឋានឲ្យបានត្រឹមត្រូវនៅក្នុងកំឡុងពេលធ្វើការរុះរើកម្ទេចចោលដើម្បីកុំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ដូចជាកំទេចកំទីធូលី និងកំទេចថ្ម ខ្ទាត់ទៅលើផ្លូវ។
៤-មុនពេលធ្វើការរុះរើម្ចាស់សំណង់ត្រូវជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការប្រឹក្សា និងពិនិត្យទៅលើបច្ចេកទេស និងផែនការក្នុងការរុះរើនិងវាយកម្ទេចចោល។
៥.ត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវបទដ្ឋានសុវត្ថិភាពក្នុងការរដ្ឋាន។
លិខិតអនុញ្ញាតរបស់អាជ្ញាធរខេត្តខាងលើនេះ និងត្រូវអស់សុពលភាព បើការសាងសង់ ពុំត្រូវបានដំណើរការក្នុងរយៈពេល ០១ ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ក្នុងនោះផងដែរ តំណាងប្រជាពលរដ្ឋ១២គ្រួសារ ជាម្ចាស់កម្មសិទ្ធទាំង១៣ល្វែង សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត អាជ្ញាធរក្រុង សង្កាត់ ជំនាញនិងសមត្ថកិច្ច ដែលបានខិតខំសម្របសម្រួលនិតិវិធីផ្លូវច្បាប់ រក្សាសណ្តាប់ធ្នាប់ បង្ករលក្ខណ:ងាយស្រួលដើម្បីវៃសំណង់ចោល និងការសាងសង់បន្តឱ្យបានឆាប់រហ័សដើម្បីចូលរស់នៅប្រកបមុខរបរលក់ដូរឡើងវិញក្រោយពេលសាងសង់រួច ៕ សុខ គឹមសៀន









