សម្ដេចតេជោ ស្នើឲ្យទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើការបញ្ជាទិញអង្ករពីកម្ពុជា និងពិចារណា ឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង ត្បូង រួមទាំងកិច្ចព្រមព្រៀងគាំពារវិនិយោគ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យប្រទេសទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើការបញ្ជាទិញអង្ករពីកម្ពុជា និងពិចារណា ឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង ត្បូង រួមទាំងកិច្ចព្រមព្រៀងគាំពារវិនិយោគ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ ។

នេះជាការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៅក្រោយបញ្ចប់ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ម៉ាកណូ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក២៨ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងឱកាសលោកជំទាវ អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៦ដល់ទី២៩ មករា ឆ្នាំ២០២២។

នៅក្នុងជំនួបនេះ លោកជំទាវ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត បានគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ ជួបពិភាក្សាគ្នា ដើម្បីរិះរកវិធីជំរុញឲ្យមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងវិញ ជាពិសេស ជំរុញការអនុវត្តឲ្យមានប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង និងអនុស្សារណៈដែលបានចុះហត្ថលេខារួចហើយ ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យទីម័រខាងកើត ចាប់ផ្ដើមពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីព្រះរាជាណាចក្រកម្ពុជា ហើយករណីការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្តេចតេជោ មានប្រសាសន៍ថា អ្នកវិនិយោគរបស់ទីម័រខាងកើត អាចមកវិនិយោគទាំងខាងម៉ាស៊ីនកិនស្រូវ ទាំងឃ្លាំងស្តុកស្រូវ ទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញ ដើម្បីជាស្ថេរភាពក្នុងការផ្គត់ផ្គង់អង្ករទៅប្រទេស ទីម័រខាងកើត។ សម្ដេចក៏បានស្នើឲ្យទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិការ ត្បូង ត្បូង ជាពិសេស ពិនិត្យឲ្យមានកិច្ចព្រមព្រៀងគាំពារវិនិយោគ កិច្ចព្រមព្រាងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner