យើងត្រូវប្ដេជ្ញា និងបន្តកិច្ចប្រឹងប្រែង ក្នុងការកសាងរដ្ឋបាលសាធារណៈ ឱ្យមានលក្ខណៈ ខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល
សៀមរាប ៖ ក្នុងកិច្ចប្រជុំ ស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ២០២២-២០៣៥ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា យើងត្រូវប្ដេជ្ញា និង បន្តកិច្ចប្រឹងប្រែងរួមគ្នា ក្នុងការកសាងរដ្ឋបាលសាធារណៈ ឱ្យមានលក្ខណៈ ខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល ។
លោក អភិបាលរងខេត្តបន្តថា ការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ច គឺជាលក្ខខណ្ឌចាំបាច់ ដែលត្រូវអនុវត្តតាមរយៈការដ្ឋានកែទម្រង់និងកម្មវិធីទាំងឡាយរបស់រាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ ខេត្តសៀមរាបយើងក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឲ្យយើងត្រូវតែមានសមត្ថភាពត្រៀមទុកជាមុននិងអាចឆ្លើយតបសមស្របណាមួយ ជាពិសេសការបន្តធានាឱ្យបាននូវស្ថិរភាពនិងសុខសន្តិភាព ការពង្រឹងអភិបាលកិច្ចក្នុងវិស័យសាធារណៈ ការលើកកម្ពស់គុណភាពធនធានមនុស្ស ព្រមទាំងការដោះស្រាយបញ្ហាប្រឈមដែលបណ្តាលពីការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ការបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ។
លោក នាក់ ណេរ៉ុន បន្តថា ដោយសារកម្ពុជាធានាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជម្រុះឱ្យមានការអភិវឌ្ឍគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ ៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ព្រមទាំងសម្រេចបានការកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម១០% ក្នុងឆ្នាំ២០១៩កន្លងមក ។ គ្រប់តួអង្គពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយនិងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់នៅក្នុងវិស័យសាធារណៈ ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ។
កិច្ចប្រជុំកែទម្រង់រដ្ឋបាលសាធារណៈនាពេលនេះ គឺដើម្បីប្រមូលធាតុផ្សំនៃបញ្ហាប្រឈមដែលបណ្តាលមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ ស្ថាប័ននានា ថ្នាក់ខេត្ត ថ្នាក់ស្រុក ត្រូវបានអង្គប្រជុំលើកឡើងដាក់ជាសំនួរចម្លើយ និងសំណូមពរ ជាការឆ្លើយតបទៅតាមសភាពការជាក់ស្តែងនៃអង្គប្រជុំដើម្បីវាយតម្លៃដាក់ជូនទៅថ្នាក់ជាតិសម្រេច ៕ ដោយ ស៊ាន សុផាត