ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគ ដល់ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ធំដើម្បីការងារមនុស្សធម៌

កំពង់ធំ ៖ ក្រោយពីបានឃើញ សកម្មភាពដ៏មមាញឹក ក្នុងការងារមនុស្សធម៌បម្រើបងប្អូនពូមីងអតីតយុទ្ធជន និងប្រជាពលរដ្ឋ របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន នាពេលកន្លងមក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ្រច័ន្ទមុន្នី បានឱ្យតំណាង នាំយក ស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគ ដល់ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដើម្បីការងារសកម្មភាពវិស័យមនុស្សធម៌ ។

ពិធីប្រគល់ទទួលអំណោយនេះធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ភូមិថ្នល់បែកឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមាន អង្ករ ៥តោន មីជាតិ ៣០០កេស ត្រីខកំប៉ុង ១០កេស ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ ១០០យួរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគក្នុងវិស័យមនុស្សធម៌ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយទាំងអស់នេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃ បងប្អូនអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នីព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយសេចកី្តសុខសេចកី្តចម្រើន ជួបតែសំណាងល្អ ៕
ដោយ ប៊ុន រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner