ព្រះមហាក្សត្រអបអរសាទរ និងកោតសរសើរសម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរ និងកោតសរសើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតសម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពពេញលេញ មានការបង្រួបបង្រួមជាតិ និងឯកភាពទឹក់ដីពេញបរិបូរណ៍មានការធានា ឯករាជ្យ និងអធិបតេយ្យជាតិ មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេវិពហុបក្ស និងនីតិរដ្ឋ ព្រះទាំងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។
នេះបើយោងតាមព្រះរាជលិខិតរបស់ព្រះមហាក្សត្រផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានជូនពរសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយៈពលជ័យ
