អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅគណបក្សនយោបាយ៖ ការចូលរួម ឬមិនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការឆ្លើយតបទៅគណបក្សនយោបាយចំនួន៦ រួមមាន គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន និងគណបក្សបំណងពលរដ្ឋ ក្នុងការស្ទាក់ស្ទើរចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងទី៥ ខែមិថុនា ឆ្នាំ២០២២ គឺវាមិនប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតឡើយ។

ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី០២ ខែកុម្ភៈនេះថា ការចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ របស់គណបក្សនយោបាយទាំង៦ គឺជាសិទ្ធិសម្រេចរបស់គណបក្សទាំងនោះ ដោយយោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ប៉ុន្តែពាក់ព័ន្ធទៅនឹងការទាមទារឱ្យរក្សាខ្លឹមសារដើមដដែល នៃទម្រង់បែបបទ ១១០២ គឺកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងពិចារណាដាក់ទន្និន័យចំនួនសន្លឹកឆ្នោតទទួលបានសរុប សន្លឹកឆ្នោតដែលនៅសល់មិនបានប្រើ និងសន្លឹកឆ្នោតខូចទៅក្នុងទម្រង់នោះវិញ។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយគណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។ ដូច្នេះសិទ្ធិនៅក្នុងការចូលរួម ឬមិនចូលរួម គឺត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ពុំមានមាត្រាណាមួយរារាំង ឬហាមឃាត់គណបក្សនយោបាយមិនឱ្យចូលរួមឬចូលរួមនោះទេ”។ អ្នកនាំពាក្យដដែលបានសង្កត់ធ្ងន់ថា ការចូលរួម ឬមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺជាសិទ្ធិរបស់គណបក្សនយោបាយទាំងនោះ ហើយការមិនចូលរួមរបស់ពួកគាត់មិនធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner