ខេត្តរតនគិរីឆ្នាំ២០២២ ភ្ញៀវទេសចរកើនឡើង ១៧.១៦% នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

ខេត្តរតនគិរី ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត បានអោយដឹងនៅរសៀលថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២២នេះថា ពិធីបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល៣ថ្ងៃ (៣១មករា ១-២កុម្ភៈ ឆ្នាំ២០២២)ខេត្តរតនគិរីទទួលភ្ញៀវទេសចរចំនួន១២,៤៥១នាក់។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ៥១នាក់ ភ្ញៀវជាតិ ១២,៤០១នាក់។ លោកថា ចំនួននេះគឺមានការកើនឡើង ១៧.១៦% ភ្ញៀវជាតិកើនឡើង ១៦.៩៩% និងភ្ញៀវអន្តរជាតិកើនឡើង ៨២.១៤% បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២១កន្លងមក មានចំនួន ១០,៦២៨នាក់ ។

លោក ង៉ែត ពិទូ បានសម្តែងនូវសុទិដ្ឋិនិយមចំពោះកំណើនភ្ញៀវទេសចរដែលមានការហក់ឡើងគួរឱ្យកត់សម្គាល់បើទោះបីចំនួនហក់ឡើងមិនច្រើនតាមការរំពឹងទុក តែនេះគឺជាសញ្ញាល្អបង្ហាញថា ខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកំសាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩ រយៈពេលជិត២ឆ្នាំ។

លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះក៏បានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព, ហេដ្ឋារចនាសម្ព័ន្ធមានការតភ្ជាប់បានល្អ គួបផ្សំនឹងសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ។ ជាពិសេសនោះគឺវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានស្រោចលើប្រជាពលរដ្ឋស្ទើរ ១០០% ដូច្នេះពួកគាត់មានទំនុកចិត្តមិនសូវព្រួយបារម្មណ៍ ក្នុងការដើរលេងកំសាន្តប៉ុន្មាននោះទេ។

ប្រធានមន្ទីរទេសចរណ៍រូបនេះក៏បានលើកឡើងផងដែរពីសក្តានុពល វិស័យទេសចរណ៍ដែលបច្ចុប្បន្ននេះមន្ទីរបានធ្វើបច្ចប្បន្នភាពរមណីយដ្ឋានទេសចរណ៍រហូតដល់ ៣០កន្លែង សុទ្ធសឹងជារមណីយដ្ឋាន ធម្មជាតិ ហើយនៅថ្ងៃខាងមុខជាពិសេសបុណ្យចូលឆ្នាំខ្មែរ យើងនឹងបង្វែទិសដៅភ្ញៀវទេសចរឱ្យទៅលេងតំបន់វាលខ្សាច់ និងទឹកជួរ នៅស្រុកតាវែង និងស្រុកវើនសៃ ។

ដោយឡែកក្នុងរយៈពេល ៣ថ្ងៃនេះ គ្រប់រមណីយដ្ឋានដែលភ្ញៀវបានទៅ លេងកម្សាន្ត សង្កេតឃើញថា ភ្ញៀវទេសចរទាំងអស់បានចូលរួមថែរក្សាអនាម័យ បរិស្ថានបានល្អ ពោលគឺ ក្រោយហូបចុករួចពួកគាត់បានវេចខ្ចប់សំរាមទុកដាក់បានត្រឹមត្រូវ និងសូមថ្លែង អំណរគុណ ចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានមកលេងកម្សាន្តក្នុងទឹកដីខេត្តរតនគិរី។អរគុណម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់សេវាកម្មម្ហូបអាហារទាំងអស់ ដែលនៅតែបន្តការរឹតបន្តឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឱ្យមានការរាតត្បាតជំងឺកូវីដ-១៩។ អរគុណ ផងដែរចំពោះសមត្ថកិច្ចពាក់ព័ន្ធដែលបានបំពេញតួនាទីភារកិច្ចចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងយប់ទាំងថ្ងៃ ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិបានយ៉ាងល្អប្រសើរ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner