ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មី បង្ហាញមោទនភាព និងបន្តជាដៃគូដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវ កាមែន ម៉ូរីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ។
តាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកជំទាវ បានសំដែងនូវការភ្ញាក់ផ្អើល និងអបអរសាទរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ លោកជំទាវ បានមានប្រសាសន៍ថា កម្ពុជា មានការអភិវឌ្ឍ និងកំពុងដើរលើផ្លូវត្រូវ ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព លើបញ្ហាប្រែប្រួលអាកាសធាតុ ការថែរក្សាគ្រប់គ្រង ធនធានធម្មជាតិ និងការអភិវឌ្ឍពាណិជ្ជកម្ម ប្រកបដោយចីរភាព។
លោកជំទាវ បានមានប្រសាសន៍បន្ថែមថា ទាំងនេះគឺទទួលបានមកពីសុខសន្តិភាព និងស្ថេរភាព ដែលកម្ពុជាទទួលបាន ហើយសុខសន្តិភាពស្ថេរភាពនេះ គឺជាមូលដ្ឋានចាំបាច់ សម្រាប់អនាគតកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាសម្រាប់យុវជន ជំនាន់ក្រោយរបស់កម្ពុជា ផងដែរ។ ក្នុងន័យនេះ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវ ពិតជាមានមោទនភាពណាស់ នឹងបន្តជាដៃគូកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ប្រកបដោយចីរភាពជាភាព។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ ជូនចំពោះលោកជំទាវ កាមែន ដែលបានត្រូវតែងតាំង ជាអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងអំណរគុណ នូវអ្វីដែលលោកជំទាវបានលើកឡើង ព្រោះអ្វីដែលលោកជំទាវ បានលើកឡើង គឺជាមូលដ្ឋានមួយ ដែលកម្ពុជានិងសហភាពអឺរុប អាចបន្តធ្វើការរួមគ្នា ពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ជូនដល់សហភាពអឺរ៉ុបផងដែរ ដែលបានជួយដល់កម្ពុជា ជាពិសេសក្នុងការកាត់ទោស អតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម ហើយពីនោះទៅទៀត ក៏បានមានប្រសាសន៍ផងដែរថា ដោយសារសហភាពអឺរ៉ុប ក៏បានជួយដល់កម្ពុជាជាច្រើនដែរ លើវិស័យដទៃទៀត។ ក្នុងន័យនេះ សម្តេចថា គប្បីណាឈរលើមូលដ្ឋានអ្វី ដែលយើងបានសហការគ្នាកន្លងមក បន្តទៅទៀត ហើយស្វែងរកនូវអ្វី ដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀត ក្នុងន័យជាដៃគូផង និងពង្រឹងពង្រីកទំនាក់ទំនង រវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង៕ធ.ដ