មេបញ្ជាការកងទ័ពជើងគោកថៃ ប្ដេជ្ញាជូនសម្ដេចតេជោថា ត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំង២
ភ្នំពេញ៖ មេបញ្ជាការកងទ័ពជើងគោកថៃ បានគោរពប្ដេជ្ញាជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា ត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយនឹងកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំងពីរ ។ ការប្ដេជ្ញានេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតិឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវធើ មេបញ្ជាការកងទ័ពជើងគោក នៃព្រះរាជាណាចក្រថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបនេះថា ឯកឧត្តម ណារ៉ុងផាន ចិតកែវធើ បានគោរពសម្ដែងនូវអំណរអរគុណយ៉ាងក្រៃលែង និងបានគោរពជម្រាបជូនសម្តេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានព្រះករុណា ព្រះមហាក្សត្រ សព្វសព្វព្រះរាជហឬទ័យ ប្រោសប្រណីប្រទានមេដាយសហមេត្រី ជូនដល់ឯកឧត្តម ។
ឯកឧត្តម ណារ៉ុងផាន ចិតកែវធើ បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា នេះជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកទី១ ហើយប្រទេសកម្ពុជា ជាប្រទេសទី១ ដែលឯកឧត្តម បានធ្វើទស្សនកិច្ចផ្លូវការ ក្នុងនាមឯកឧត្តម ជាមេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ។ ក្នុងឱកាសនេះ ឯកឧត្តម សូមគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ជូនចំពោះប្រជាជនកម្ពុជា ដែលកម្ពុជា បានទទួលធ្វើជាប្រធានអាស៊ាន។ មេទ័ពជើងគោកថៃរូបនេះ ក៏បានសំដែងនូវការគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កន្លងទៅ ហើយឯកឧត្តម មានជំនឿជឿជាក់ថា សម្ដេចតេជោ នឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពអាស៊ាន នាពេលខាងមុខមិនខាន ។
ឯកឧត្តម ណារ៉ុងផាន ចិតកែវធើ បានមានប្រសាសន៍បន្តថា កងទ័ពកម្ពុជា និងថៃ មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ, ក្នុងនាមឯកឧត្តម ជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមនឹងបន្តទំនាក់ទំនងល្អនេះ ហើយថែមទាំងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត ។
ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកថៃ បានគោរពប្ដេជ្ញាជូនសម្ដេចតេជោថា ឯកឧត្តម ត្រៀមខ្លួនជាស្រេច ធ្វើយ៉ាងណាសហការជាមួយនឹងកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាព សម្រាប់ប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរជូនចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកថៃ ហើយក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានគាំទ្រកម្ពុជា ជាប្រធានអាស៊ានផង និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផង។
លើសពីនោះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅឡើង ហើយជាពិសេស គឺមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក រវាងកងទ័ពទាំងពីរ ហើយជំនឿទុកចិត្តនេះ គឺមានការកើនឡើងជាលំដាប់ ។ ឈរលើទំនាក់ទំនងល្អនេះ សម្ដេចតេជោបានបន្ថែមថា កងទ័ពគប្បីណា ដើរតួនាទីជាកងទ័ពការទូតរក្សាសន្តិភាព ស្ថិរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបរបរអាជីវកម្ម ជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែក្លាយព្រំដែនឱ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល-ប្រជាជនថៃ ដែលកន្លងមក បានជួយដល់ពលករកម្ពុជា ដែលកំពុងរស់នៅក្នុងប្រទេសថៃ ហើយក៏បានអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានជួយដល់ប្រជាជនកម្ពុជា ក្នុងគ្រាដែលប្រជាជនកម្ពុជាមានជំងឺ បានអនុញ្ញាតឱ្យចូលទៅព្យាបាលនៅក្នុងទឹកដីថៃ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែនកម្ពុជា-ថៃ ពេលមានជំងឺ ត្រូវសង្គ្រោះបន្ទាន់ គឺត្រូវបានអនុញ្ញាតឱ្យចូលទៅព្យាបាលក្នុងទឹកដីថៃនេះ ។
ជាចុងក្រោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងការអបអរសាទរជូនចំពោះឯកឧត្តម ណារ៉ុងផាន ចិតកែវធើ ដែលត្រូវបានព្រះករុណា ព្រះអង្គ សព្វព្រះរាជហឬទ័យ ប្រទានមេដាយសហមេត្រី ជូនដល់ឯកឧត្តម ៕