ក្រសួងពាណិជ្ជកម្ម ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ សម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់ ស្មូនដី និងចម្លាក់ថ្ម

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ សម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់ខេត្តកណ្តាល ស្មូនដីខេត្តកំពង់ឆ្នាំង និងចម្លាក់ថ្មខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គប្រជុំអំពីសារបាន និងគោលបំណងសំខាន់នៃការពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឍមណ្ឌលជំរុញអភិវឌ្ឍន៍តាមវិស័យ ដែលមជ្ឈមណ្ឌលទាំងនេះ នឹងចូលរួមដើរតួយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍ និងបង្កើតបរិយាកាសពាណិជ្ជកម្ម ទាក់ទាញវិស័យទេសចរណ៍ អភិរក្សវប្បធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណកេរ្តិ៍ដំណែលនៃផលិតផល និងភូមិសាស្ត្រ បង្កើនឱកាសពាណិជ្ជកម្ម និងពង្រីកទីផ្សារបន្ថែម ។

ក្នុងឱកាសនោះដែរ អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស និងបានឯកភាពលើផែនការការងារពាក់ព័ន្ធនឹងការចុះពិនិត្យទីតាំងជាក់ស្តែង ការបង្កើតសមាគមតាមវិស័យនីមួយៗ ក៏ដូចជាការលើកតម្កើងកេរ្តិ៍ឈ្មោះផលិតផលជាតិ តាមរយៈការចុះបញ្ជីម៉ាក ជាដើម។ អង្គប្រជុំ ក៏បានពិភាក្សាលើបញ្ហាប្រឈមដែលវិស័យទាំងនេះកំពុងជួបប្រទះ ជាពិសេសបញ្ហាប្រឈមពីវិបត្តិជំងឺកូវីដ-១៩ ដែលវិស័យទាំងនេះបានទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចជា បញ្ហាទីផ្សារដោយសារមិនមានការបញ្ជាទិញ ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ ក៏ដូចជាការបាត់បង់កម្លាំងពលកម្មជំនាញ ជាដើម ដែលទាមទារឱ្យមានកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញ និងវិស័យឯកជនពាក់ព័ន្ធក្នុងការអនុវត្តការងារកន្លងមក។ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ជាថ្មីថា ក្រសួងពាណិជ្ជកម្មនៅតែបន្តគាំទ្រចំពោះការងារលើកកម្ពស់កេរ្តិ៍ឈ្មោះនិងថែរក្សាអត្តសញ្ញាណខ្មែរ ដោយបច្ចុប្បន្នក្រសួងបាននិងកំពុងរៀបចំគោលនយោបាយនិងក្របខណ្ឌយុទ្ធសាស្រ្តពាក់ព័ន្ធដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម ការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ ក៏ដូចជាការបន្តធ្វើពិពិធកម្មទីផ្សារតាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងថ្នាក់តំបន់និងទ្វេភាគី ជាដើម ៕ ដោយប៊ុនធី-វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner