រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដល់ក្រុមបាតុករ ដែលជាអតីតបុគ្គលិកណាហ្គាវើលដ៍ទាំងអស់ ឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងទ្រង់ទ្រាយធំ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសដល់ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ឱ្យបានជ្រាបថា នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួង សុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការរកឃើញនូវករណ៏វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើ បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ជាស្ត្រីមានផ្ទៃពោះម្នាក់ ហើយបានណែនាំឱ្យបាតុករទាំងអស់ទៅ យកសំណាក នៅទីតាំងដែលបានកំណត់ស្ថិតនៅកោះពេជ្រ ក្នុងរយៈពេល ០៣ (បី) ថ្ងៃ។ ប៉ុន្តែលោក ជួប ចាន់ណាត តំណាងក្រុមបាតុករបានសំណូមពរឱ្យក្រុមគ្រូពេទ្យមកយកសំណាកនៅទីតាំងប្រមូលផ្តុំធ្វើ បាតុកម្មជាក់ស្ដែង នៅពេលក្រុមគ្រូពេទ្យមកដល់ ក្រុមបាតុករ៏នៅតែរឹងរូស មានះ មិនព្រមសហការឱ្យយក សំណាកទៀត។
លើសពីនេះទៀត កាលពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមាន កូវីដ-១៩ ប្រភេទអូមីក្រុង លើបាតុករជាបន្តបន្ទាប់បន្ថែមទៀត។ ទន្ទឹមនឹងនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សូមអំពាវនាវបន្ថែមទៀតដល់ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធជាមួយបាតុករ ត្រូវទៅ យកសំណាកនៅទីតាំងដែលបានកំណត់ជូន ស្ថិតនៅកោះពេជ្រ បន្តទៀត។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្ដុំធ្វើបាតុកម្មនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ ឪ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ឆានា បានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។
ក្នុងករណីដែលបាតុករនៅតែចចេស រឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុ ដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោស ដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតីចូលរួមរបស់ក្រុម បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ក៏ដូចជាធានាបាននូវការ រស់នៅតាមគន្លងប្រក្រតីភាពថ្មី ធ្វើយ៉ាងណាកុំឱ្យរាជធានីភ្នំពេញជួបីសោកនាដកម្មដូចព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ឡើងវិញ។
