ឯកឧត្តម ហ៊ុន ម៉ានី៖ សន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍បញ្ជាក់ថា សន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានស្វែងរកការបញ្ចប់ជម្លោះផ្ទៃក្នុង និងបានបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់។ ការបញ្ជាក់នេះ នៅក្នុងពិធីសម្ពោធឆ្លងអគារធម្មសភា និងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងថ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសមត្ថភាពដឹកនាំ ដែលបានសម្រេចជោគជ័យក្នុងការការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ដោយមិនឱ្យរងផលប៉ះពាល់ធ្ងនធ្ងរ និងកម្រិតអាត្រាស្លាប់នៅទាបបំផុត ដែលឆ្លងតាមការវាយតម្លៃថ្មីៗ ដោយស្ថាប័ន Nikkei កម្ពុជាឈរនៅលំដាប់ថ្នាក់លេខ២ លើពិភពលោកដែលបានសម្រេចជោគជ័យក្នុងការប្រយុទ្ធនឹងការរាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះថេរានុថេរ គ្រប់ព្រះអង្គ និងជូនចំពោះលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន និងប្អូនៗក្មួយៗយុវជន ដែលទោះបីសម្តេចទាំងពីរមិនបានមកជួបសំណេះសំណាលជាមួយបងប្អូនផ្ទាល់ តែលោកសូមផ្ញើសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរទុក្ខ ជាពិសេសសូមឱ្យបងប្អូនបន្តថែរក្សាសុខភាព ចៀសផុតពីជំងឺឆ្លងរាលដាលកាចសាហាវ។
ឆ្លៀតក្នុងឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តមអ្នកតំណាងរាស្រ្តសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលនានាដែលបានកើតឡើងនៅក្នុងវត្តត្រពាំងវែងនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា ដែលក៏ដូចជាវិស័យដទៃៗទៀតដែរ ដែលកំពុងមានការអភិវឌ្ឍ ដោយសារគុណូបក្ការៈនៃសុខសន្តិភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ និងក្រុមគ្រួសារព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ដើម្បីជាឧត្តមប្រយោជន៍ដល់ព្រះពុទ្ធសាសនា ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផងដែរ៕
ដោយ:ពលជ័យ




