អគារសិក្សា១ខ្នង មាន៣បន្ទប់ និងសមិទ្ធផលផ្សេងទៀត តម្លៃប្រមាណជិត ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិច ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជាអំណោយអង្គការ នៃប្រទេសជប៉ុន ផ្តល់ជូនវិទ្យាល័យរក្សា នៃខេត្តព្រះវិហារ

ព្រះវិហារ៖ ពិធីសម្ពោធនេះ បានធ្វើឡើងកាលពីថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកាម្សិលមិញ ក្រោមវត្តមាន លោកហោ ប៊ុនហួរ អភិបាលស្រុករវៀង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកអង្គការមកពីប្រទេសជប៉ុនជាច្រើនរូបទៀតផងដែរ។

លោក ហោ ប៊ុនហួរ បានថ្លែងថា វិស័យអប់រំ គឺជាវិស័យមួយត្រូវបានទទួលស្គាល់ជាអទិភាពចម្បង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ គ្រប់នីតិកាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកអភិបាលស្រុក បានថ្លែងបន្តថា «ពីដំណាក់កាលមួយទៅដំណាក់កាលមួយឃើញថា ដំណើរការរីកចម្រើន នៃវិស័យអប់រំរបស់កម្ពុជាយើង ត្រូវបានអភិវឌ្ឍន៍ឥតឈប់ឈរ និងជាបន្តបន្ទាប់ ព្រមទាំងបានធ្វើកំណែទម្រង់ យ៉ាងស៊ីជម្រៅ និងឆាប់រហ័ស ដែលធ្វើឲ្យវិស័យអប់រំនៅកម្ពុជា ត្រូវបានគេមើលឃើញថា មានគុណភាពមិនចាញ់បណ្តាប្រទេសនានាលើសកលលោកនោះទេ»។

លោកអភិបាលស្រុករវៀងបានឲ្យដឹងទៀតថា នៅទូទាំងស្រុករវៀង មានអគារសិក្សាថ្មចំនួន ៧៩ខ្នង ស្មើនិង ៤០៦បន្ទប់ អគារឈើចំនួន ៥៤ខ្នង ស្មើនិង៩៨បន្ទប់ មានបុគ្គលិកសិក្សាសរុបចំនួន ៤៦៥នាក់ និងមានសិស្សានុសិស្សនៅគ្រប់ភូមិសិក្សាចំនួន ១០២៥៣នាក់ ផងដែរ។

ទន្ទឹមនឹងនោះដែរ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្កការនៃប្រទេសជប៉ុន ដែលបានផ្តល់អំណោយនូវអគារសិក្សា១ខ្នង មាន៣បន្ទប់ និងសមិទ្ធិផលផ្សេងៗទៀត ដែលមានតម្លៃ ៤៨០០០ដុល្លារសហរដ្ឋអាមេរិច ដល់វិទ្យាល័យរក្សា ស្ថិតនៅក្នុងភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ នាពេលនេះ។

ជាមួយនឹងការរីកចំរើន នូវសមិទ្ធផលឡើងជាបន្តបន្ទាប់នោះ លោកហោ ប៊ុនហួរ អភិបាលស្រុករវៀង ក៏បានធ្វេីការផ្តាំផ្ញើ ដល់ទៅលោកគ្រូ អ្នកគ្រូ ឲ្យបន្តខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សគ្រប់ពេល និងគ្រប់ម៉ោង ព្រមទាំងជំរុញឲ្យសិស្សានុសិស្ស យកចិត្តទុកដាក់ក្នុងការសិក្សា គោរពវិន័យសាលា និងខិតខំរៀនសូត្រ ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត ពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចារចរណ៍ ឲ្យបានគ្រប់ៗគ្នា៕សួនលីណា

 

 

 

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner