លោក ចូ បៃដិន៖ គ្មានអ្វីថ្មីទេអំពីទំនាក់ទំនងរវាងរុស្ស៊ី និងចិនដែលកំពុងតែខិតទៅជិតគ្នាខ្លាំង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា មិនមានអ្វីថ្មីអំពីទំនាក់ទំនងរវាងរុស្ស៊ី និងចិនដែលខិតទៅជិតគ្នានោះទេ ដោយការថ្លែងបែបនេះ ធ្វើឡើងពីរថ្ងៃបន្ទាប់ពីលោក ពូទីន និងលោក ស៊ី បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ឡើងវិញនូវមិត្តភាពរវាងប្រជាជាតិរបស់ប្រទេសទាំងពីរ។
នៅពេលត្រូវបានសាកសួរថាតើលោកមានការព្រួយបារម្ភថា រុស្ស៊ីកំពុងតែខិតទៅជិតចិនខ្លាំងនោះ លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “វាមិនមានអ្វីថ្មីទេអំពីបញ្ហានេះ”។ ទន្ទឹមគ្នា នៅពេលសាកសួរថាតើលោកនឹងពិចារណាបញ្ជូនទាហានបន្ថែមទៀតទៅកាន់អឺរ៉ុបខាងកើត ប្រសិនបើភាពតានតឹងជុំវិញវិបត្តិអ៊ុយក្រែននៅតែកើនឡើងនោះ លោក បៃដិន បានឆ្លើយតបវិញថា “ខ្ញុំនឹងមិនស្មានអំពីរឿងនេះទេ”។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយខាងលើនេះរបស់លោក ចូ បៃដិន បានកើតមានឡើងក្រោយប្រទេសចិនបានគាំទ្រការទាមទារការធានាសន្តិសុខរបស់រុស្ស៊ីសម្រាប់សហរដ្ឋអាមេរិក និងអង្គការណាតូ ដែលស្នើមិនអោយសម្ព័ន្ធភាពយោធានេះផ្តល់សមាជិកភាពដល់អ៊ុយក្រែន ក៏ដូចជាជៀសវាងការពង្រីកខ្លួនទៅភាគខាងកើត៕ ប្រភព៖ Sputniknews


