ឯកឧត្តមវេង សាខុន ថ្លែងថា មានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ ទើបមានជ័យជំនះ៧មករា ហើយក៏មានអ្វីៗគ្រប់បែបយ៉ាងនាបច្ចុប្បន្ននេះ

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងបរិវេណវត្តនគរបាជ័យក្នុង ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ព្រឹកថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ បានរៀបចំប្រារព្វមីទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ (២ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ទិវាកំណើតរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមវេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ឯកឧត្តមវេង សាខុន បានរំលឹកជម្រាបជូនអង្គមីទ្ទីញដោយសង្ខេបពីការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តថ្ងៃ២ ធ្នូ នេះឡើងគឺក្នុងគោលបំណងរំលឹកឡើងវិញថ្ងៃចាប់បដិសន្ធិកម្លាំងស្នេហាជាតិដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញពីប្រល័យពូជ សាសន៍ប៉ុល ពត និងធ្វើការរំលឹងដឹកគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរៈយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្មយ៉ាងធំធេងដើម្បីស្ថិរភាពសង្គម និងការអភិវឌ្ឍន៍។ ដោយសារមានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ នេះហើយ ទើបមានជ័យជំនះ ៧មករា ហើយក៏មានអ្វីៗគ្រប់បែបយ៉ាងនាបច្ចុប្បន្ននេះ។ ឯកឧត្តមបន្តថា ៤១ឆ្នាំកន្លងផុតទៅ យើងមិនអាចបំភ្លេចបាននូវអតីតកាលដ៏ខ្មៅងងឹត ពោរពេញដោយទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ បែកបាក់គ្រួសារ អសន្តិសុខសង្គម អសន្តិសុខស្បៀង សម្លាប់រង្គាល អត់អាហារ ធ្វើការហួសកំលាំងក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក្រោមរបបប្រល័យពូជសាសន៍ប៊ុល ពត។
ឃើញច្បាស់ពីគ្រោះមហន្តរាយរបស់ប្រទេសជាតិ និងប្រជាជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាឈរលើឆន្ទ: មន:សិការស្នេហាជាតិ បង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងអភិវឌ្ឍន៍មាតុភូមិដ៏ល្អផូរផង់នេះ បានខិតខំដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង និងស្រប តាមដំណើរការវិវត្តន៍សេដ្ឋកិច្ច និងនយោបាលរបស់កម្ពុជា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ ក្នុងភូមិជើងឃ្លូ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានប្តូរឈ្មោះជារណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានាពេលបច្ចុប្បន្ននេះ។ ៤១ឆ្នាំ ជាតិ និងប្រជាជនបានងើបដើរចេញទាំងទុក្ខវេទនា និងរបួសស្នាមលើគ្រប់វិស័យ ជាបន្តបន្ទាប់រដ្ឋាភិបាលបានដឹកនាំប្រទេសជាតិមកកាន់សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ហើយនេះគឺដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន។
ជាសក្ខីភាព ថ្មីៗនេះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ និងពលរដ្ឋនៅទូទាំងប្រទេសបានប្រារព្ធទទួលទានអំបុកសាមគ្គីជាតិ “អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ” នេះសរឲ្យឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានបង្ហាញនូវសាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសកម្មក្នុងការការពារជាតិ ថែរក្សាសុខសន្តិភាព ស្ថិរភាពជូនសង្គមជាតិ ជាពិសេសទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពចំពោះការព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ពួកឧទាម។
ឯកឧត្តមប្រធានក្រុមការងារបញ្ជាក់បន្ថែមថា រណសិរ្យ ២ធ្នូ មិនគ្រាន់តែបានរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាពីរបស់ខ្មៅងងឹតប៉ុល ពត ឲ្យរស់រានមានជីវិតឡើងវិញតែប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ/គណបក្សប្រជាជន និងរាជរដ្ឋាភិបាលបានស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិ កែប្រែមុខ មាត់ថ្មីជាបន្តបន្ទាប់ ជាក់ស្តែងក្នុងឆ្នាំ១៩៩៣ ពលរដ្ឋមានចំណូលត្រឹមតែ ២៥៤ដុល្លារ ក្នុងម្នាក់ តែ២០១៩ ចំណូលនេះកើនដល់ ១ ៦៧៩ដុល្លារ ក្នុងម្នាក់។ ជាងនេះទៅទៀត រដ្ឋាភិបាលបានពង្រឹងមូលដ្ឋានគ្រឹះសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រមកត្រឹមក្រោម ១០% នាឆ្នាំកន្លងទៅ  និងបានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ក្នុងការអនុវត្តន៍រាល់គោលនយោបាយធ្វើកំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅដោយបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។ បន្តពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត បច្ចេកទេស និងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គម។ បន្តកែលម្អប្រព័ន្ធឡូជីស្ទីក លើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងរៀបចំ ខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤។ ពង្រឹង និងលើកស្ទួយការប្រកួតប្រជែងសហគ្រាសធុនតូច និងមធ្យម លើស្ទួយវិស័យកសិកម្ម និងអភិវឌ្ឍជនបទ ការគ្រប់គ្រង នគរូបនីកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការធានាចីរភាពបរិស្ថាន ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner