លោកជំទាវ ម៉ែន សំអន ណែនាំឱ្យមន្ដ្រីអធិការកិច្ចទាំងអស់ត្រូវបន្ដពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព សុចរិតភាព
ភ្នំពេញ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការណែនាំឱ្យមន្ដ្រីអធិការកិច្ចទាំងអស់ ត្រូវបន្ដពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព សុចរិតភាព ម៉ឺងម៉ាត់ ចំពោះបេសកកម្មអធិការកិច្ចរបស់ខ្លួន ដើម្បីលុបបំបាត់អំពើពុករលួយ។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងបន្ដការងារឆ្នាំ២០២២ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឱ្យមន្ត្រី ឬភ្នាក់ងារអធិការកិច្ចត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់ ទៅតាមក្រមសីលធម៌មន្ត្រីរាជការអធិការកិច្ច ដែលបានដាក់ចេញរួចហើយតាមប្រកាសលេខ០៧៨ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៨ ដែលក្នុងនោះ តម្រូវឱ្យមន្ត្រីអធិការកិច្ច ត្រូវឈរលើគោលការណ៍គ្រឹះសុចរិតភាព ភាពមិនលំអៀង សមត្ថភាពវិជ្ជាជីវៈ ឯករាជ្យភាព ត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយយកច្បាប់ជាធំ និងត្រូវមានឯកសណ្ឋាន ដូចដែលក្រសួងបានណែនាំរួចហើយ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើអធិការកិច្ច ការអង្កេតស្រាវជ្រាវពាក្យបណ្តឹង និងការតាមដានការអនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឱ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសំអាងគ្រប់គ្រាន់ទាំងអង្គហេតុ និងអង្គច្បាប់។
លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដែលមាន៤ដំណាក់កាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩ -២០២៣ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដោយកំណត់អាទិភាព សូចនាករ និងក្របខ័ណ្ឌ ពេលវេលាច្បាស់លាស់ សម្រាប់អនុវត្តន៍ និងដាក់ចេញនូវយន្តការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយ តម្លៃផ្អែកលើកលទ្ធផលការងារ។ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជាមួយនឹងស្មារតី ទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យ កម្មវិធីនយោបាយ អភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាពឆ្លើយតបទៅនឹងបរិការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បញ្ហាប្រឈម និងកាលានុវត្តភាពទាំងឡាយ ដែលជាបញ្ហារួមរបស់សង្គមជាតិយើង ដើម្បីឈានទៅសម្រេចបាននូវគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា៕
ដោយៈពលជ័យ


