អគ្គលេខាធិការរង គ.ជ.ប ៖ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត គឺស្ថិតនៅក្នុងលំដាប់នៃដំណាក់កាលសំខាន់ៗបួន

ភ្នំពេញ៖ អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្ដម ម៉ុក ដារ៉ា បានមានប្រសាសន៍បញ្ជាក់ថា ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត គឺស្ថិតនៅក្នុងលំដាប់នៃដំណាក់កាលសំខាន់ៗទាំង៤ នៃការបោះឆ្នោតនីមួយៗ ដែលរួមមាន៖ ទី១.ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ទី២.ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ទី៣.ការឃោសនាបោះឆ្នោត និងទី៤.ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត សមាជិកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី “ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្ដម ម៉ុក ដារ៉ា បានបន្តថា ដំណាក់កាលទី២ និងទី៣ ខាងលើនេះ គឺមានភាពស្មុគស្មាញ មិនខុសពីដំណាក់កាលដទៃទៀតនោះទេ ដែលទាមទារឱ្យគ្រូឧទ្ទេស មន្រ្តីបោះឆ្នោត តំណាងគណបក្សនយោបាយ ភាគីពាក់ព័ន្ធ ពិសេសមន្ត្រី គធ.ខប និង លគធ.ខប ត្រូវមានចំណេះដឹងប្រកបដោយជំនាញបច្ចេកទេសច្បាស់លាស់ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ហើយជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា ដែល គ.ជ.ប ក្នុងពេលថ្មីៗនេះបានសម្រេចដាក់ឱ្យប្រើប្រាស់ដើម្បីជាជំនួយដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលរួមមាន៖ កម្មវិធីគ្រប់គ្រងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ កម្មវិធីចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមប្រមាណ១៧៥ នាក់ និងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner