ម៉ូតូសណ្ដោងរឺម៉កបុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងមិនប្រយ័ត្នរេចង្កូតទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយបុរសម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។
    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង ៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ចិកាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ព្រំ សុីដេត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរវិស្វករ មានស្រុកកំណើត ភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រែកកប្បាស ខេត្តតាកែវ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរឺម៉កមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CD-6123ជិះដោយបុរសម្នាក់ទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើត ចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូដួលបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ ចំណែកឯម្ចាស់ម៉ូតូសណ្តោងរឺម៉កត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកកំពិសដើម្បីទុកប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូសណ្តោងរឺម៉ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។  ដោយឡែកសពជនរងគ្រោះត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner