លោកជំទាវម៉ែន សំអនអំពាវនាវដល់ពលរដ្ឋថែរក្សាប្រភពទឹកទុកឲ្យបានល្អ

ស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានថ្លែងធ្វើការអំពាវនាវដល់ពលរដ្ឋឲ្យជួយថែរក្សាប្រភពទឹក រួមទាំងទឹកក្រោមដីដើម្បីផ្គត់ផ្គង់តម្រូវការឲ្យបានគ្រប់គ្រាន់នារដូវប្រាំងនេះ។
ការថ្លែងរបស់លោកជំទាវម៉ែន សំអនបែបនេះនៅក្នុងឱកាសញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាត និងឡជីវឧស្ម័ន នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងនៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងបន្តទៀតថាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងនោះវិស័យអភិវឌ្ឍន៍ជនបទ ក៏ត្រូវបានលើកម្ពស់ផងដែរ តាមរយៈ រាជរដ្ឋាភិបាលក៏បានផ្តល់ជូនរបស់អង្គការកូដូខ្មែរនៅប្រទេសបារាំង ដែលមាន អណ្តូងទឹកស្អាតចំនួន ១១អណ្តូង និង ឡជីវឧស្ម័ន ចំនួន ១៥ឡ នាពេលនេះ គឺបាន ដល់ប្រជាពលរដ្ឋនៅតំបន់ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹកស្អាត និងបានជួយដល់ការសន្សំសំចៃ ដែលកើតចេញពីការ ប្រើប្រាស់នូវថាមពលចេញពីឡជីវឧស្ម័ន  ដែលបំពេញសេចក្តីត្រូវការចាំបាច់របស់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកជំទាវបានបន្តថាក្នុងនាមរាជរដ្ឋាភិបាលសូមស្វាគមន៍ និងអបអរសាទរដល់ សកម្មភាពផ្តល់អណ្តូងទឹកបែបនេះ និងសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយផ្តល់អណ្តូងទឹកបន្ថែមទៀតតាមដែលអាចធ្វើបាន នៅតំបន់ដាច់ស្រយ៉ាលផ្សេងៗទៀត នៅក្នុងខេត្តស្វាយរៀង និងពង្រីកការបង្កើតឡជីវឧស្ម័នបន្ថែម ទៀត និងពង្រឹងនូវសមត្ថភាពក្នុងការរក្សាទុកនៅបន្លែដែលប្រមូលផលបាន។
លោកជំទាវម៉ែន សំអនក៏បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់ឡជីវឧស្ម័ន វិញ ព្រោះវាបានជួយសន្សំសំចៃអុសធ្យូងបានប្រមាណ២តោន ក្នុងមួយឡ យ៉ាងច្រើន ហើយឡជីវឧស្ម័ននេះក៏បានរួមចំណែកក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នកាបូនិកពីផលិតកម្មសត្វប្រមាណ ៤.៥តោន ក្នុងមួយឡ ក្នុងមួយឆ្នាំផងដែរ។
លោកជំទាវបានបញ្ជាក់ថា ទី១. អាចជួយដល់ការកាត់បន្ថយចំណាយលើការបំភ្លឺ និងមិនទិញជីគីមីប្រើប្រាស់លើដំណាំដោយបង្កើនជីធម្មជាតិស្រស់ទឹក និងគោក សម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម ដែលជួយប្រែគុណភាពដីកសិកម្ម ។
 ទី២ ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ កាតបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពី ឧស្ម័នមេតាន និងកាត់បន្ថយឧស្ម័នកាបូនិក។ ទី៣ ជួយកាត់បន្ថយក្លិនស្អុយពី ការចិញ្ចឹមសត្វ ដោយការតភ្ជាប់បង្គន់អនាម័យនឹងឡជីវឧស្ម័ន។
ទី៤ អ្នកប្រើប្រាស់មានពេលវេលាចូលរួមក្នុងសង្គម មានពេលវេលាធ្វើការផ្សេង ទៀតបាន មានភ្លើបំភ្លឺផ្ទះពេលយប់ ជួយដល់ការរៀនសូត្ររបស់កូនចៅ កាត់ បន្ថយបន្ទុក ការងាររបស់ស្រ្តី និងកុមារ ដោយមិនចាំបាច់ចូលព្រៃរកអុសធ្យូង និងម្យ៉ាងទៀត បង្កើតបានការងារដល់អ្នកគ្មានការងារធ្វើក្នុងស្រុក តាមរយៈ ការបង្កើតឲ្យមាន ភ្នាក់ងារសាងសង់ឡជីវឧស្ម័ន ដែលកាត់បន្ថយការធ្វើ ចំណាកស្រុកទៅធ្វើការ នៅក្រៅប្រទេស ។
លោកជំទាវបន្តថាការងារនេះតម្រូវឲ្យយើងទាំងអស់គ្នា ទាំងមន្រ្ដីរាជការ ដែលបម្រើការនៅតាមគ្រប់មន្ទីរស្ថាប័ន យោធា នគរបាល កងរាជអាវុធហត្ថ លោកយាយ លោកតា ក្មួយៗទាំងអស់ត្រូវត្រូវបង្កើនការប្រុងប្រយ័ត្ន និងបន្ដប្រពៃណី ជួយដោះទុក្ខធុរៈគ្នា ទៅវិញទៅមក ដើម្បីការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យរីកចម្រើនជាបន្តបន្ទាប់ទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner