គណបក្សហ្វ៊ុនស៊ិនប៉ិចសម្រេចតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ធ្វើជាប្រធានគណបក្សបន្តពីបិតាទ្រង់

ភ្នំពេញ៖ គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំធ្វើសមាជវិសាមញ្ញនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅព្រះដំណាក់វាលស្បូវលេខ A២៨៥ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីជ្រើសរើស ក្បាលម៉ាស៊ីន ដឹកនាំគណបក្សនិងធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិក:គណបក្ស និងកំណត់យុទ្ធសាស្ត្រនយោបាយគណបក្ស។

អង្គសមាជនៅព្រឹកនេះបានបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជាផ្លូវការ។ សមាជក៏បានសម្រេចជ្រើសតាំងអនុប្រធានបីរូប ក្នុងនោះមាន៖ លោក ឆឹង ចំរើន លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ពៅ អេងគ្រី។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្ចុនស៊ិនប៉ិច បានមានបន្ទូលថា ព្រះអង្គនឹងការពារគណបក្សហ៊្វុនស៊ិនប៉ិចឱ្យបានគង់វង្សជាអមតៈ ដង្ហែតាមមាគ៌ារបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នូវគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ និងខិតខំប្រមែប្រមូលអ្នករាជានិយម អ្នកសីហនុមិយម រណឫទ្ធិនិយម ដើម្បីឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យសាជាថ្មី៕

គួរបញ្ជាក់ថា ជាការត្រៀមរៀបចំខ្លួនរបស់គណបក្សមួយនេះក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២នេះ និងបោះឆ្នោតតំណាងរាស្រ្តនៅឆ្នាំ២០២៣ខាងមុខ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner