រមណីយដ្ឋានទឹកជ្រោះកាចាញ តែងខ្លួនត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ
រតនគិរី ៖ បន្ទាប់ពីស្ងប់ស្ងាត់ដោយសារការរាលត្បាតនៃជំងឺកូវីដ១៩ ពេលនេះអាជ្ញាធរសង្កាត់និងសហគមន៍ រមណីយដ្ឋានទឹកជ្រោះកាចាញ ខេត្តរតនគិរីកំពុងរៀបចំកែលំអរមណីយដ្ឋានធម្មជាតិមួយនេះ ជាការត្រៀម ទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ។
លោក ទន់ ពៅ ចៅសង្កាត់កាចាញ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថាអាជ្ញាធរកំពុងរៀបចំ បង្កើតជាសួនច្បារមួយ ។ សួនច្បារដែលរៀបចំកសាងនេះគ្រោងចំណាយថវិកា ចំនួន៥-៦លានរៀលដែល ថវិកាទាំងនេះ ជាថវិកាសហគមន៍ប្រមូលបានពីការលក់សំបុត្រចូលទស្សនារបស់ភ្ញៀវ។ លោកបន្តថា រមណីយដ្ឋាននេះមានភ្ញៀវក្នុងខេត្តនិងមកពីបណ្តាខេត្តផ្សេងៗជាហូរហែ។ជាពិសេសថ្ងៃសម្រាកចុងសប្តាហ៍ ថ្ងៃសៅរ៍ អាទិត្យ ។ នៅទីនេះ តម្លៃម្ហូបអាហារសមរម្យ ។
លោក ទន់ ពៅ បានបន្ថែមឲ្យដឹងទៀតថា ក្រៅពីរៀបចំសួនច្បារនោះសហគមន៍ទឹកជ្រោះកាចាញក៏បានរៀបចំ អនាម័យបរិស្ថាន និងសាងសង់បន្ទប់អនាម័យបន្ថែមទៀតសម្រាប់ភ្ញៀវ។
ដោយរំលឹកអំពីសមិទ្ធផលនានា លោក ទន់ ពៅ បញ្ជាក់ថាសមិទ្ធផលជាច្រើនក្នុងអាណត្តិលោកធ្វើជា ចៅសង្កាត់ ដូចជា ផ្លូវបេតុងជាងមួយគីឡូម៉ែត្រ ផ្លូវក្រាលក្រួសក្រហម ជាង៣០គីឡូម៉ែត្រដែលប្រជាពលរដ្ឋ
កំពុងប្រើប្រាស់បច្ចុប្បន្ន ។
ទន្ទឹមនេះលោកចៅសង្កាត់ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ជួយថែរក្សាអភិរក្សព្រៃឈើចម្រុះដែល បន្សល់ទុកពីដូនតានៅជុំវិញរមណីយដ្ឋាន ទឹកជ្រោះកាចាញនេះឱ្យបានល្អ។
គួរបញ្ជាក់ថារមណីយដ្ឋានទឹកជ្រោះកាចាញមានចម្ងាយប្រមាណបួនគីឡូម៉ែត្រពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ៧៨ និងមានទំហំជាងបួនហិកតា ស្ថិតក្នុងភូមិ២សង្កាត់កាចាញ ក្រុងបានលុង ៕ ដោយៈលោក គតិ យុត្ត



