ឯកឧត្តម ហ៊ុន ម៉ានី ៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្លុះបញ្ចាំងពីគុណតម្លៃនៃសុខសន្តិភាព និងស្ថិរភាព
ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី០៩ ខែកុម្ភៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន មានកិត្តិយស និងមោទនភាពក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់របស់អាស៊ានមួយនេះ។ ដូចដែលពាក្យស្លោករបស់ ស៊ីហ្គេមលើកទី៣២ បានដាក់ចេញរួចមកហើយ “កីឡារស់ក្នុងសន្តិភាព – Sports lives in peace” ។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាឆ្លុះបញ្ចាំងពីគុណតម្លៃនៃសុខសន្តិភាព និងស្ថិរភាព ដែលបានធ្វើឱ្យការអភិវឌ្ឍសព្វបែបយ៉ាងបានកើតឡើង ដែលក្នុងនោះវិស័យកីឡាក៏មិនខុសពីវិស័យផ្សេងៗផងដែរ។
លើសំណេរដដែលឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា ជាពិសេសកីឡាករ កីឡាការិនី យុវជនស្ម័គ្រចិត្ត ចូលរួមធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងបន្សល់ទុកនូវស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗពីសំណាក់កីឡាករ កីឡាការិនី និងអ្នកចូលរួមពីប្រទេសនានារបស់អាស៊ាន។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍លើកទី៣២ ស៊ីហ្គេម ២០២៣ បានរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២១និងលើកទិសដៅការងារឆ្នាំ ២០២២ – ២០២៣ របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានគណៈកម្មាធិការជាតិ។
សន្និបាតរយៈពេលពីរថ្ងៃ នឹងធ្វើការបូកសរុបការងារដែលគណៈកម្មាធិការសម្រេចបាន និងការពិនិត្យលើការងារដែលត្រូវបំពេញបន្ត ឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង៕
ដោយៈពលជ័យ


