នាយកដ្ឋានអប់រំកាយវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលគណៈកម្មការ និងមន្ត្រីរៀបចំការប្រកួតហែលទឹក
លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានសាទរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានរៀបចំវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅមណ្ឌលហែលទឹកពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកអនុប្រធានបញ្ជាក់ថា ដោយអនុវត្តទៅតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងយុទ្ធសាស្ត្រកំណែទម្រង់អនុវិស័យអប់រំកាយ និងកីឡា និងដើម្បីឆ្ពោះទៅ SEA GAMES ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកំណែទម្រង់ ដូចជាការរៀបចំការប្រកួត ការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ដល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡាក៏បានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិចំនួន៤២ ក្នុងឆ្នាំ២០២១នេះ សម្រាប់ដំណើរការងារទ្រទ្រង់ដល់សហព័ន្ធលើផ្នែករដ្ឋបាល បណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំការប្រកួត ដោយមានថវិកាគាំទ្រសរុប ៣១០០ លានរៀល។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកគូសបញ្ជាក់ថា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងរបស់មន្រ្តីរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងការសម្រួចការរៀបចំឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ លោកបន្ថែមថា វគ្គនេះបង្រៀនដោយគ្រូឧទ្ទេស ដែលមានបទពិសោធន៍ និងជាមន្រ្តីគណៈកម្មការបច្ចេកទេសអន្តរជាតិទទួលស្គាល់ដោយសហព័្ធន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមកចែករម្លែកចំណេះជំនាញ ក៏ដូចជាបទបញ្ជាបច្ចេកទេសថ្មីៗ ដែលបានកែប្រែជារៀងរាល់ឆ្នាំជូនទៅដល់មន្ត្រីហែលទឹក នាពេលនេះ។
លោក ហែម គីរី លើកឡើងទៀតថា បន្ថែមពីលើនេះ មន្ត្រីគណៈកម្មការច្ចេកទេស និងមន្ត្រីដឹកនាំការប្រកួតនេះភាគច្រើនមានវ័យក្មេងៗ ដែលសហព័ន្ធចង់ពង្រឹងសមត្ថភាពរបស់ពួកគាត់ឈានឆ្ពោះទៅក្លាយជាមន្ត្រីបច្ចេក ទេសអន្តរជាតិ នាពេលខាងមុខ។
បច្ចុប្បន្ន សហព័ន្ធខ្មែរកីឡាហែលទឹកមានមន្ត្រីបច្ចេកទេសអន្តរជាតិចំនួនពីររូប គឺលោក ហែម គីរី និងលោក នាង សូរិទ្ធិយ៉ា ជាមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិធ្លាប់ចូលរួមធ្វើអាជ្ញាកណ្តាល និងចៅក្រមការប្រកួត កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដោយនេះជាលើកដំបូង និងជោគជ័យមួយរបស់វិស័យកីឡាហែលទឹកកម្ពុជា ដោយកន្លងមកកម្ពុជាមិនធ្លាប់ចូលរួម ដឹកនាំការប្រកួតកម្រិតអន្តរជាតិនៅឡើយទេ។ យើងនឹងបន្តបណ្តុះបណ្តាលឲ្យមានធនធានបែបនេះជាច្រើនទៀត សម្រាប់កម្រិតអន្តរជាតិនាថ្ងៃអនាគត។
ក្នុងនាមសហព័ន្ធខ្មែរកីឡាហែលទឹក លោកអគ្គលេខាធិការបង្ហាញអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិ ជាពិសេសគឺសហព័ន្ធហែលទឹក។ បើមិនមានថវិកាគំាទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រចាំឆ្នាំនោះទេ ការអភិវឌ្ឍវិស័យកីឡាហែលទឹក ក៏ដូចជាវគ្គបណ្តុះបណ្តាល នាពេលនេះក៏សហព័ន្ធមិនមានលទ្ធភាពអាចដំណើរបានប្រសើរនោះដែរ។ «ការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ គឺពិតជាមានសារៈសំខាន់ណាស់។
ដូច្នេះ តាមរយៈនេះ សហព័ន្ធសូមអរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតសុភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានណែនាំចង្អុលបង្ហាញឲ្យបន្តកិច្ចសហការជាមួយក្រសួងឲ្យបានល្អប្រសើរបន្ថែមទៀត៕ អត្ថបទ លោក ចាន់ វិចិត្រ















