ប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុតនៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។ នេះគឺបង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានចូលរួមខិតខំជួយជំរុញ និងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ កិច្ចប្រជុំកំពូលនេះ នឹងធ្វើឡើងក្រោមមូលបទ«ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» សម្តេចតេជោនឹងធ្វើជាសហប្រធានជាមួយលោកស្រីបណ្ឌិតហាក់ ចាហាន់មូន(Dr. Hak Ja Han Moon ) សហស្ថាបនិកនៃ សហព័ន្ធសន្តិភាពសកល (UPF) និងលោក បាន គី-មូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ។ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនេះ នឹងរៀបចំឡើងរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំ កំពូលពិភពលោកឆ្នាំ២០២២នេះនឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េ ប្រកបដោយសន្តិវិធី។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងមានជំនួបជាមួយលោក មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េចខាងត្បូងដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរួមមានកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់លោក បាន គី-មូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។ បន្ថែមលើនេះសម្តេចតេជោ ហ៊ុន សែន រំពឹងថានឹងមានជំនួបជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត ក៏ដូចជាទទួលសវនាការពីសំណាក់ឥស្សរជននយោបាយ និងធុរជនផ្សេងទៀត។

បើតាមក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនៅថ្ងៃទី១២ ខែកុម្ភៈ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាព«ស៊ុនហាក់» លើកទី៥ ជូនដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

បើតាមឯកសារដែលផ្ដល់ដោយ SUNHAK Peace Prize បានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី សន្តិភាពដោយបានចូលរួមយ៉ាងសកម្មនៅក្នុង វេទិកាសន្តិភាពអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពរួមទាំងកម្មវិធី ដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (UPF) ហើ យជាពិសេសបានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅអាស៊ីអាគ្នេយ៍។ ជាពិសេសសម្រាប់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធាននៃ“កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ ” ស្របតាមគម្រោងសន្តិភាពកូរ៉េតែមួយដែលជាដំណើរការសន្តិភាពថ្មី នៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner