ក្រសួងការងារប្រាប់ដល់ម្ចាស់ ឬ នាយករោងចក្រសហគ្រាសត្រូវរៀបចំ ចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ និយោជិតរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងមួយ ដោយធ្វើការក្រើនរំលឹក និង ណែនាំជាថ្មី ដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាសត្រូវរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ និយោជិតរបស់ខ្លួន ដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួន អូមីក្រុង (micron)។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថាដោយយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃកម្ពុជា ,សេចក្ដីជូនព័ត៌មានស្តីពីការ ក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញរបស់ក្រសួងសុខាភិបាលនិងដើម្បីបន្តប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួន អូមីក្រុង (micron) ជាពិសេសនៅ តាមរោងចក្រ សហគ្រាស ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សូមរំលឹកនិង ណែនាំសាជាថ្មីម្តងទៀត ដល់ម្ចាស់ ឬ នាយករោងចក្រ សហគ្រាសទាំងអស់ ដូចខាងក្រោម៖

១-ទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដើម្បីរៀបចំចាក់វ៉ាក់សាំង ដូសជំរុញជូនបងប្អូនកម្មករនិយោជិតនៅតាមទីតាំង ណាមួយដែលមាន ភាពងាយស្រួលសម្រាប់កម្មករនិយោជិត។២-ជំរុញអប់រំផ្សព្វផ្សាយដល់ កម្មករនិយោជិតឱ្យបានយល់ ដឹងពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំង ដូសជំរុញ និង ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយត្រូវ ផ្តល់នូវ ការឈប់សម្រាកមួយថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែល កម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ។៣-គ្រប់គ្រង ទិន្នន័យចាក់ វ៉ាក់សាំងរបស់កម្មករនិយោជិតនិងបំពេញព័ត៌មានចាក់វ៉ាក់សាំងទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាម ប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ឬ នាយករោងចក្រ សហគ្រាស អាចសួរ ព័ត៌មានបន្ថែមក្នុងក្រុម “សម្រាប់និយោជក” តាមរយៈតេឡេក្រាម https://t.me/EmployerChat ។ ៤-ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ប្រតិបត្តិស្តង់ដារស្តីពីដំណើរការនិងការ គ្រប់គ្រងរោងចក្រសហគ្រាស តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ១៩ជាពិសេសការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារចេញ-ចូល រោងចក្រ សហគ្រាស, ការរក្សាគម្លាត សុវត្ថិភាពបុគ្គលនៅកន្លែងធ្វើការនិងកាត់បន្ថយការប្រមូលផ្ដុំកម្មករ និយោជិត, ការលាងសម្អាត ដៃ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងកន្លែងប្រើប្រាស់រួមគ្នានិងការតាមដាន សុខភាពកម្មករនិយោជិត។

ក្រសួងការងារបានឱ្យដឹងក្នុងសេចក្តីជូនដំណឹងដដែលនេះថា ក្រុមអធិការ ការងាររបស់ក្រសួងនឹងចុះធ្វើអធិការកិច្ច ការងារ ដើម្បីត្រួតពិនិត្យ ទិន្នន័យ កម្មករនិយោជិតដែលបាន ចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ៕ដោយៈ ម៉ាដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner