វគ្គបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកអប់រំ លើផ្នែកព័ត៌មានវិទ្យាបានបញ្ចប់ដោយភាពជោគជ័យ
វគ្គបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកអប់រំ លើផ្នែកព័ត៌មានវិទ្យា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ដោយភាពជោគជ័យ ក្រោមវត្តមាន អញ្ជើញចូលរួម ពីសំណាក់លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា កាលពីព្រឹកមិញ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត និងជាគណៈគ្រប់គ្រងវគ្គ បានអោយដឹងថា វគ្គបណ្តុះបណ្តាលសមត្ថភាពបុគ្គលិកអប់រំ លើផ្នែកព័ត៌មានវិទ្យានេះ មានសិក្ខាកាម ចូលរួមសរុប ៣០នាក់ ស្រី០៥នាក់ ។ គណៈគ្រប់គ្រងវគ្គ រូបនេះបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូសមត្ថភាពបុគ្គលិកអប់រំ លើផ្នែកព័ត៌មានវិទ្យា នាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹង និងពង្រីកបាននូវធនធានមនុស្ស ដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡា នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិក៏ដូចលើឆាកអន្តរជាតិនានា។

លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ជឿជាក់ថាសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវត្តបណ្តុះបណ្តាលនេះ នឹងទទួលបានចំណេះដឹងថ្មីៗបន្ថែម ហើយត្រូវយកចំណេះដឹងទាំងនេះ ទៅបម្រើការងារក្នុងអង្គភាពរៀងៗខ្លួន អោយទទួលបានជោគជ័យ ។ លោក បានបញ្ជាក់ថា ជាក់ស្តែងសម័យនេះជាសម័យដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះហើយបានជាតម្រូវអោយយើងទាំងអស់គ្នា ត្រូវតែមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីទាញយកផលប្រយោជន៍ពីពិភពលោកដែលកំពុងមានការប្រែប្រួល តាមសម័យកាល ។

សូមបញ្ជាក់ថា ឆ្លងតាមការសិក្សាអស់រយៈពេល៥ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ ការគោរពពេលវេលា ប្រកបដោយភាពទទួលខុសត្រូវ គណៈគ្រប់គ្រងវគ្គទទួល បាននូវលទ្ធផល និទ្ទេសល្អណាស់ ចំនួន 5នាក់ និទ្ទេសល្អ ចំនួន4នាក់ និទ្ទេសមធ្យមចំនួន17នាក់ និទ្ទេសខ្សោយចំនួន4នាក់៕ធ.ដ
