“តម្លៃស្ត្រីអាស្រ័យចរិយា វប្បធម៌អស្ចារ្យអាស្រ័យអ្នកថែមានចំណេះជំនាញពិត”
វីដេអូដែលបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមកំពុងល្បី និងមានការរិះគន់នាពេលថ្មីៗនេះឃើញថា អ្នកសម្តែងខាងស្រីបានលើកជើងឡើងអង្គុយនៅពីលើអ្នកកំដរកូនកំលោះដែលសុទ្ធតែមានវ័យនៅក្មេងខ្ចីហើយបាននិយាយបង្ខំឱ្យក្មេងៗទាំងនោះយកដៃស្ទាបច្របាច់ជើងរបស់ខ្លួន ព្រមជាមួយនឹងកាយវិការមិនសមរម្យមួយចំនួនទៀត ដែលធ្វើឱ្យក្មេងៗកំដរទាំងនោះហាក់មានអារម្មណ៍អៀនៗ និងភ័យខ្លះផងដែរ។ ឯអ្នកកាត់សក់ប្រុសវិញថែមទាំងបានជំរុញឱ្យអ្នកកំដរកូនកំលោះទាំងនោះធ្វើទៅតាមអ្វីដែលនារីសម្តែងនោះចង់បានទៅវិញ ជាមួយនឹងសម្លេងសើចក្អាកក្អាយយ៉ាងកងរំពងពីភ្ញៀវ និងទស្សនិកជនដែលកំពុងតែទស្សនាការសម្តែងនោះ។
ពិធីកាត់សក់កូនស្រីកូនប្រុសនៅសម័យបុរាណ មិនមែនជាពិធីគ្រាន់តែជានិមិត្តរូបដូចជាសម័យនេះទេ គឺត្រូវធ្វើតាមទំនៀមទម្លាប់ដូចតទៅ៖
១. កូនស្រី គេទុកសក់វែងបួង គ្រាន់តែកោរជើងសក់ កោររោមចិញ្ចើម រោមមុខ ឱ្យបានសាច់ស្អាតល្អប៉ុណ្ណោះ។
២. កូនប្រុសរៀបពិធីកាត់សក់នៅរោងផ្កាស្លា។ ពិធីកាត់សក់នោះ គឺគេកាត់សក់មែនទែនមិនមែនគ្រាន់តែជានិមិត្តរូបទេ។ អ្នកភ្លេងលេងនៅក្នុងពិធីកាត់សក់ ប្រគុំបទសារិកាកែវដដែលៗបទណាមួយដែលជាបទប្រពៃណីខ្មែរ។
អ្នកភ្លេងប្រពៃណី មានតួនាទីបម្រើភាពរីករាយរបស់មនុស្សផង និងថែរក្សាប្រពៃណីខ្មែរឱ្យបានគង់វង្សយូរអង្វែងផង មិនគួរបំប្លែងប្រពៃណីជាតិ ធ្វើឱ្យបាត់បង់ដោយសារគេអស់ជំនឿឡើយ។ ភ្លេងប្រពៃណីខ្មែរ មានលក្ខណៈស្លូតបូតសុភាពរាបសារស្របតាមប្រពៃណីខ្មែរ គ្មានការចំអកឡកឡឺយឡើយ។ ឯភ្លេងអាយ៉ៃវិញ ជាភ្លេងហក់កញ្ឆែង ចំអកឡកឡឺយដាក់គ្នា មានភាពជាអ្នកប្រឡងប្រាជ្ញាគ្នា។ ពីបុរាណភ្លេងអាយ៉ៃ គេហាមមិនឱ្យយកទៅលេងក្នុងរោងអាពាហ៍ពិពាហ៍ជារោងមង្គលសួស្តីឡើយ ចំណែកបច្ចុប្បន្ននេះ ភ្លេងប្រពៃណីខ្លះ ឃើញតែប្រើពាក្យអាសអាភាស ធ្វើឱ្យខូចប្រពៃណីជាតិតាំងពីពេលចាប់ផ្តើមរហូតដល់ចប់។ ពិធីកាត់សក់នេះសម័យដើមមានក្រឹត្យក្រម និងប្រកាន់ខ្ជាប់ពិធីកម្មនីមួយៗយ៉ាងច្បាស់លាស់ និងជ្រើសរើសអ្នកដែលមានចំណេះពិតប្រាកដ ទទួលការបណ្តុះបណ្តាលត្រឹមត្រូវដើម្បីកំណត់បានថាពិតជាមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើកិច្ចមង្គលនេះជូនម្ចាស់កម្មវិធីបានប្រាកដមែន ព្រោះថាគ្រប់កម្មវិធីសុទ្ធតែបង្កប់នូវអត្ថន័យល្អៗជាមង្គលដ៏ឧត្តមសម្រាប់កូនប្រុសស្រី និងក្រុមគ្រួសារ។
ក្នុងពិធីមង្គលការកាត់សក់បង្កក់សិរីនេះ អ្នកភ្លេងទាំងពីរជាតំណាងទេវតាទទួលការងារនាំយកកន្ត្រៃមាសកន្ត្រៃប្រាក់ជាដើមដែលជាវត្ថុនាំសិរី និងសារពីព្រះឥន្ទ ដើម្បីប្រសិទ្ធីពរជ័យជូនកូនប្រុសស្រីព្រមទាំងក្រុមគ្រួសារទាំងសងខាង ក្នុងថ្ងៃជ័យមង្គលដ៏ប្រសើរនេះ។ ក្នុងនាមជាទេវតា ជាអ្នកនាំសិរី ត្រូវប្រព្រឹត្តនូវអ្វីដែលមានលក្ខណៈល្អប្រពៃ ថ្លៃថ្នូរ ទាំងកាយវិការ ពាក្យសម្តី និងចិត្ត មិនត្រូវបញ្ចេញនូវពាក្យសម្តីអសុរោះ ទង្វើមិនគួរគប្បី និងមានចិត្តអប្រិយនោះទេ។
ជាចុងក្រោយ សូមឱ្យបងប្អូនដែលមានចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តក្នុងការជ្រើសរើសអាជីពទាក់ទងនឹងផ្នែកវប្បធម៌ខ្មែរ សូមលះបង់កម្លាំងកាយចិត្ត ស្មារតី និងពេលវេលា សូមដាក់ចិត្តចូលខ្លួនទទួលការបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវ សិក្សាឱ្យបានច្បាស់លាស់ ដែលជាកត្តាយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង និងលើកតម្កើងវប្បធម៌ជាតិ ជៀសវាងបានការចូលរួមបំផ្លាញវប្បធម៌ជាតិខ្មែរទាំងមិនដឹងខ្លួន។

✍🏽-ហ៊ឺ វីរៈ