ស្វាមី ភរិយា ដែលចាកចេញពីកម្ពុជា មករស់នៅសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណសម្តេចតេជោ ដែលបានកសាងស្ពានមេត្រី ពិសេសផ្តល់កំណើតឲ្យក្មួយៗ ចៅៗ មានសុភមង្គល និងមានសេចក្តីសុខរហូតមកដល់ថ្ងៃនេះ
ភ្នំពេញ ៖ ស្វាមី ភរិយា ដែលបានចាកចេញពីមាតុប្រទេសកម្ពុជា មករស់នៅសាធារណរដ្ឋកូរ៉េ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា បើទោះបីចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែក្មួយៗ ចៅៗ ពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មម នៅសាធារណរដ្ឋកូរ៉េ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងស្ពានមេត្រី ពិសេសផ្តល់កំណើតឲ្យ ក្មួយៗ ចៅៗ មានសុភមង្គល និងមានសេចក្តីសុខរហូតមកដល់ថ្ងៃនេះ ។
ការថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ពីស្វាមី ភរិយា ដែលបានចាកចេញពីមាតុប្រទេស មករស់នៅសាធារណរដ្ឋកូរ៉េនេះ នៅក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងស្នាក់នៅប្រកបរបរទទួលទាន និងបំពេញការងារ នៅសាធារណរដ្ឋកូរ៉េ ក្រោយពេលសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ចប់ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Park Byeong-Seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ រួចមក នៅសណ្ឋាគារឡូតេវ៉ើល ដែលជាសណ្ឋាគារស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នារសៀលថ្ងសទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
ក្នុងជំនួបដ៏កម្រនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការសាកសួរសុខទុក្ខ ជូនចំពោះ បងប្អូនតំណាងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលស្នាក់នៅប្រកបរបរទទួលទាននៅសាធារណរដ្ឋកូរ៉េ ពីក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ដែលបងប្អូនខ្មែរជាច្រើន មិនបានធ្វើដំណើរមកដោយផ្ទាល់ និងមួយវិញទៀត ដោយសាតែកម្មវិធីរបស់សម្តេចមានភាពមមាញឹកខ្លាំងពេក និងដោយសាតែការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងប្រទេសកូរ៉េ ហើយដែលអាជ្ញាធរកូរ៉េ មិនអនុញ្ញាតឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំបាន។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការសាកសួរដោយផ្ទាល់ ពីជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូរស្រករ របស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅ សាធារណរដ្ឋកូរ៉េ។
ក្មួយៗ ចៅៗទាំងអស់ ដែលមានវត្តមាន បានជំរាបជូនសម្តេចថា ក្មួយៗ ចៅៗ បើទោះបីចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែក្មួយៗ ចៅៗ ពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មម នៅសាធារណរដ្ឋកូរ៉េ។ ជាមួយនិងអ្វីដែលជាសេចក្តីរីករាយនេះ ក្មួយៗ ចៅៗ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងស្ពានមេត្រី ពិសេសផ្តល់កំណើតឲ្យក្មួយៗ ចៅៗ មានសុភមង្គល និងមាន សេចក្តីសុខរហូតមកដល់ថ្ងៃនេះ ៕ ដោយ វណ្ណលុក





