នាយករដ្ឋមន្រ្តីឥណ្ឌាអំពាវនាវឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ខណៈការរគំរាមកំហែងពី COVID-19 កាន់តែកើនឡើងខ្ពស់
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានថ្លែងទៅកាន់ប្រជាជាតិ នាល្ងាចថ្ងៃអាទិត្យម្សិលមិញថា ឥណ្ឌាត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដ្បិតការគំរាមកំហែងរបស់ COVID-19 កាន់តែកើនឡើងខ្ពស់ខ្លាំង នេះបើតាមសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។
នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា គ្រោះមហន្តរាយបង្កឡើងដោយ COVID-19 គឺស្ថិតនៅឆ្ងាយពីទីបញ្ចប់នៅឡើយ លោកថា តំបន់ជាច្រើនរបស់ឥណ្ឌាក៏កំពុងតែផ្ទុះករណីឆ្លងយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែន ។
ការកត់សម្គាល់បែបនេះរបស់លោក ណារិនដ្រា ម៉ូឌី ត្រូវបានធ្វើឡើងខណៈដែលអត្រាឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា បានស្ទុះឡើងជិត៥ម៉ឺនករណីក្នុងមួយថ្ងៃ ដែលស្ទើរតែស្មើអត្រាឆ្លងនៅសហរដ្ឋអាម៉េរិក ។ ទន្ទឹមគ្នា ក្រុមអ្នកជំនាញឥណ្ឌាក៏បានព្រមានដែរថា តួលេខករណីឆ្លងវីរុសនេះ នឹងកើនឡើងបន្ថែមទៀត នៅប៉ុន្មានខែខាងមុខ ដោយសារតែការធ្វើតេស្តនឹងត្រូវបង្កើន ៕




