ស្ពាន ៧កន្លែង នៃ គម្រោង សាងសង់ ស្ពាន ឡើងវិញ បន្ទាន់នៅ តំបន់ ប្រឈម នឹង ទឹកជំនន់ ស្ថិតក្នុង ខេត្តក្រចេះ និង ខេត្តព្រៃវែង សម្ពោធ ដាក់ឱ្យ ប្រើប្រាស់ ជា ផ្លូវការនៅព្រឹកនេះ
ក្រចេះ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៧កន្លែង ក្នុងនោះស្ពានចំនួន ៥កន្លែងនៅខេត្តក្រចេះ និងស្ពាន ២កន្លែងទៀត នៅខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅត្រង់ចំណុចស្ពានតេ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ។ ស្ពានទាំង៧កន្លែងនេះ គឺជាគំរោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះមានដូចជា ១. ស្ពាន បា បោង លេខ២ ស្ថិតនៅលើ ផ្លូវជាតិ លេខ ១១ ប្រវែង ១០៥ ម៉ែត្រ ខេត្តព្រៃវែង, ២- ស្ពាន បា បោង លេខ១ ស្ថិតនៅលើ ផ្លូច ជាតិ លេខ ១១ ប្រវែង ១០៥ ម៉ែត្រ ខេត្តព្រៃវែង , ៣- ស្ពាន ព្រែក សណ្តាន់ ស្ថិតនៅលើ ផ្លូវជាតិ លេខ ៧៣ ប្រវែង ៣៥ ម៉ែត្រ ខេត្តក្រចេះ , ៤- ស្ពាន ព្រែក ឬ ស្សី ស្ថិតនៅលើ ផ្លូវជាតិ លេខ ៧៣ ប្រវែង ៦២ ម៉ែត្រ ខេត្តក្រចេះ , ៥- ស្ពាន អន្លង់ ឃ្លេ ស្ថិតនៅលើ ផ្លូវជាតិ លេខ ៧៣ ប្រវែង ៤៨ ម៉ែត្រ ខេត្តក្រចេះ, ៦- ស្ពាន ព្រែក ឆ្លូង ស្ថិតនៅលើ ផ្លូវជាតិ លេខ ៧៣ ប្រវែង ១៤០ ម៉ែត្រ និង ទី ៧ ស្ពាន ពាម ទេរ ស្ថិតនៅលើ ផ្លូវជាតិ លេខ ៧៣ ប្រវែង ១៧៥ ម៉ែត្រ ខេត្តក្រចេះ ។
គម្រោងសាង់សង់ស្ពាននេះ បានស្ថាបនាច្រាំងការពារការហូរច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេតុងក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើប្រាស់រយៈពេលសាងសង់ចំនួន២៩ខែ សាងសង់ដោយក្រុមហ៊ុន Hazama Ando Corporation ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ជូនដល់ប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកកាន់ខេត្តក្រចេះម្តងរួចមកហើយ កាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២២ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ៕ ដោយ វណ្ណលុក

















