ប្រមុខការទូតកម្ពុជា និងឡាវ ជួបពិភាក្សាទ្វេភាគីដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគីនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជំនួបពិភាក្សាការងារទ្វេភាគីនេះ ខណៈពេលដែលឯកឧត្តម សាលើមសៃ គុំម៉ាស៊ីតដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន។
ជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាមួយបរដ្ឋមន្ត្រីការបរទេសឡាវ ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម និងក្តីបារម្ភរួម។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត នឹងអញ្ជើញចូលថ្វាយបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមរដ្ឋមន្រ្តីការបរទេសឡាវនឹងចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត មកកាន់កម្ពុជា បន្តជំរុញនិងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ចំណងមិត្តភាពជាប្រពៃណី និងភាពជាបងប្អូន រវាងកម្ពុជានិងឡាវ ឈានទៅរកការលើកកម្ពស់ថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕
ដោយៈពលជ័យ

