វិស័យកសិកម្ម គឺជាវិស័យដ៏ចម្បង ដែលរាជរដ្ឋាភិបាលបាននិងកំពុង យកចិត្តទុកដាក់សម្រាប់ជួយលើកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនគុណភាពជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស

ខេត្តកណ្ដាល ៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានចាត់ទុកវិស័យកសិកម្មគឺជាវិស័យដ៏ចម្បង ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់សម្រាប់ជួយលើកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនគុណភាពជីវភាពប្រជាពលរដ្ឋទូទាំងប្រទេស ស្របពេលដែលប្រជាពលរដ្ឋក្នុងខេត្តកណ្តាលប្រមាណ ៥០.៥% ប្រកបរបរកសិកម្ម ។

លោកអភិបាលរងខេត្ត បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលបានរៀបចំដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

លោក តាំង ម៉េងលាន បានលើកទឹកចិត្ត ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរកសិកម្ម សូមធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ដ៏ល្អៗ ដើម្បីដាក់ចេញនូវទិសដៅ និងវិធានការសម្រាប់អនុវត្តឆ្នាំខាងមុខ ដើម្បីប្រមូលផ្តុំនូវគំនិត ទស្សនៈ យោបល់ល្អៗ សំដៅរិះរកចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈមនានាសម្រាប់បង្កើនផលិតភាពិពិធកម្មកសិកម្ម ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅធានាបាននូវសន្តិសុខ-សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភជូនប្រជាពលរដ្ឋ ព្រមទាំងជំរុញការនាំចេញ ។

លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល បានបញ្ជាក់ថា ការងារបង្កបង្កើនផលក្នុងឆ្នាំ ២០២១កន្លងមកនេះ សម្រាប់ស្រូវប្រាំង មានផ្ទៃដីគ្រោងសរុបចំនួន ៥៥,៤០០ តែបានអនុវត្តបានលើផ្ទៃដី ៥៥,០៤៧ ហិកតា ស្មើនឹង៩៩.៣៦% ទទួលបានបរិមាណផលសរុបចំនួន ២៤០,៤៨៣ តោន។ ចំពោះស្រូវវស្សា មានផ្ទៃដីគ្រោងសរុបចំនួន ៣០,៦០០ បានអនុវត្តបានលើផ្ទៃដី ៣៩,៨៩០ ហិកតា ស្មើនឹង១៣០.៣៦% ទទួលបានបរិមាណផលសរុបចំនួន ១៤១,៧៤២ តោន។

លោកបានឱ្យដឹងទៀតថាក្នុងឆ្នាំ ២០២១ ខេត្តកណ្ដាលមាន ២៥ បណ្ដុំអាជីវកម្មមានកសិករចូលរួមចំនួន ១០០០នាក់ ដោយក្នុងនោះ -បណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពមាន ៦បណ្ដុំ -បណ្ដុំអាជីវកម្មមាន់ស្រែមាន ៦បណ្ដុំ -បណ្ដុំអាជីវកម្មត្រីមាន ៣បណ្ដុំ -បណ្ដុំអាជីវកម្មពោតមាន ៧បណ្ដុំ និងបណ្ដុំអាជីវកម្មស្រូវមាន ៣បណ្ដុំ។

សូមជម្រាបដែរថា សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២នេះ មន្ទីរកសិកម្មខេត្តកណ្តាល នឹងជំនុញការងារបង្ករបង្កើនផលស្រូវរដូវវស្សា និងរដូវប្រាំងឱ្យអស់លទ្ធភាព -ជំរុញការអនុវត្តកសិកម្មល្អ និងការអនុវត្តផលិតកម្មតាមកិច្ចសន្យា -ជំរុញប្រជាកសិករប្រើប្រាស់ជីធម្មជាតិ និងថ្នាំផ្សំពីរុក្ខជាតិ -ជំរុញការចិញ្ចឹមសត្វ និងការចាក់ថ្នាំការពារជំងឺឆ្លងសត្វ -ពង្រឹងការងារសហគមន៍ និងបង្កើនក្របកសហគមន៍ – បន្តពង្រឹងការថែទាំកូនឈើនៅសល់ក្នុងថ្នាល និងបណ្ដុះកូនឈឺថ្មីៗបន្ថែមទៀត -បន្តការងារបង្ក្រាបបទល្មើសព្រៃឈើសត្វព្រៃក្នុងដែនសមត្ថកិច្ច ៕ ប្រភព ៖ ខេត្តកណ្តាល

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner