ប៉ាគីអៅថា នឹងឲ្យអន្តរជាតិស៊ើបសង្គ្រាមគ្រឿងញៀននៅហ្វីលីពីន បើលោកជាប់ឆ្នោត

ម៉ានីល៖ បេក្ខជនប្រធានាធិបតីហ្វីលីពីន លោក ម៉ានី ប៉ាគីអៅ (Manny Pacquiao) ដែលក៏ជាអតីតអ្នកប្រដាល់ដ៏ល្បីឈ្មោះ បាននិយាយថា លោកនឹងស្វាគមន៍ការស៊ើបអង្កេតរបស់អន្តរជាតិ លើសង្គ្រាមគ្រឿងញៀនរបស់ប្រធានាធិបតីបច្ចុប្បន្ន រ៉ូទ្រីហ្គោក ឌូតឺតេ (Rodrigo Duterte) ប្រសិនជាលោកជាប់ឆ្នោតនោះ ហើយសន្យាថា នឹងធ្វើយុទ្ធនាការបង្ក្រាបគ្រឿងនេះ តាមវិធីដែល អ្វីលោកហៅថា របៀបត្រឹមត្រូវ ពោលគឺតាមនីតិវិធី មិនមែនបាញ់ តាមផ្លូវទេ។

ក្នុងពេលជួបអ្នកសារព័ត៌មានបរទេស នាសប្តាហ៍នេះ លោក ម៉ានី ដែលត្រូវប្រកួតការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី របស់ ហ្វីលីពីន នាឆ្នាំ២០២២ រូបនេះ បានអះអាងថា លោកនឹង បើកឲ្យ មានការចូលរួមសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC ដែលលោកឌូតឺតេ ធ្លាប់បានដកហ្វីលីពីនចេញ ពីស្ថាប័ននេះ កាលពីឆ្នាំ២០១៨នោះ។

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកច្រើនស្ថាប័ន វ័យ៤៣ឆ្នាំរូបនេះ បានព្យាយាមដើរផ្ទុយពីលោកឌូតឺតេ ក្នុងរឿងបង្ក្រាបគ្រឿងញៀន ដោយលោកនិយាយថានឹងបន្តបង្ក្រាបគ្រឿងញៀនខុសច្បាប់នេះតាមរបៀបត្រឹមត្រូវ ដោយជនសង្ស័យត្រូវផ្តល់ការកាត់ទោសយុត្តិធម៌ និងកែប្រែវិញ។

គេដឹងថា លោក ឌូតឺតេ បានប្រើកណ្តាប់ដៃដែក បង្ក្រាបការជួញ ដូរគ្រឿងញៀនក្នុងប្រទេសហ្វីលីពីន ក្នុងនោះ ជនសង្ស័យ គ្រឿងញៀន ពេលខ្លះ ត្រូវបាននគរបាលបាញ់សម្លាប់ភ្លាមៗតែម្តង ដែលនាំឲ្យមានការរិះគន់ពីអន្តរជាតិ ជាពិសេស ក្រុមសកម្មជន សិទ្ធិមនុស្ស៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner