និយ័តករទូរគមនាគមន៍កម្ពុជាបិទខ្ទប់វេបសាយចំនួន ១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា
ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា ( ន.ទ.ក.) នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះបានចេញសេចក្តីប្រកាស ស្តីពីការបិទខ្ទប់ វេបសាយចំនួន ១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់ នៅកម្ពុជាដោយបានក្លែងបន្លំជាឈ្មោះដែនសម្រាប់ការស្នើសុំទិដ្ឋាការនៃសាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាន។
ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា កន្លងមក និយ័តករ ទូរគមនាគមន៍ កម្ពុជា ធ្លាប់បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន ដែលដំណើរការល្បែងឆ្នោតខុសច្បាប់ ចំនួន ២៥ រួចមកហើយ ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានលេខ ០៦៦០ ន.ទ.ក. ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
និយ័តករទូរគមនាគមន៍កម្ពុជា បានបន្តឱ្យដឹងដែរថាខ្លួននឹងបន្ត សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់ រាល់ ឈ្មោះដែន ដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសង អនឡាញ និងល្បែងឆ្នោត ដែលផ្ទុយច្បាប់ និងសារាចរណែនាំ របស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក តាមរយៈអ៊ីនធឺណិតអនឡាញ ក្នុងនិងក្រៅប្រទេសត្រប់ប្រភេទ ព្រមទាំងឈ្មោះដែនផ្សេងទៀត ទាំងឡាយណា ដែលធ្វើប្រតិបត្តិការខុសច្បាប់ ក្នុងគោលដៅ ចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណះ និងរបៀបរៀបរយក្នុងសង្គម។
ជាមួយគ្នានេះនិយ័តករទូរគមនាគមន៍កម្ពុជាបានអំពាវនាវដល់ សាធារណជនទាំងអស់ ចូលរួមរាយការណ៍មក ន. ទ. ក. តាមរយៈ លេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្ដាញ សង្គមFacebook: “និយ័តករទូរគមនាគមន៍កម្ពុជា -Telecommunication Regulator of Cambodia” នូវឈ្មោះដែនដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាល្បែងស៊ីសង អនឡាញ ល្បែងឆ្នោតខុសច្បាប់ និងបង្ហោះរូបភាពនិងវីដេអូអាស អាភាសកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយ ន, ទ. ក. នឹងរក្សាការសម្ងាត់ជូន៕
