សម្ដេចក្រឡាហោម ស ខេង ៖ អាជ្ញាធរ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយបញ្ហាប្រឈម និងការលំបាកផ្សេងៗព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អាជ្ញាធរ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយបញ្ហាប្រឈម និងការលំបាកផ្សេងៗ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ស្ថានទូត អាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម និងគណៈប្រតិភូ បានអញ្ជើញទៅពិនិត្យដំណើរការគ្រប់គ្រង បង្រៀន និងរៀននៅសាលាបឋមសិក្សា រួចបន្តជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តបត់សាលា ។ សម្ដេច និងប្រតិភូ បានមានប្រសាសន៍លើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យមានយោបល់ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា អាជ្ញាធរឃុំ ឬក្រុមប្រឹក្សាឃុំ មានតួនាទីជួយដោះស្រាយទុក្ខកង្វល់ ឬបញ្ហាប្រឈម និងការលំបាកផ្សេងៗ ព្រមទាំងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងកិច្ចការផ្សេងៗទៀត។ សម្ដេចក្រឡាហោមបានបន្តថាសម្រាប់ការសាងសង់ផ្លូវ គឺឃុំនីមួយៗ សុទ្ធតែទទួលបានថវិកាដើម្បីអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ សម្ដេចបន្តថា ឃុំក៏មានតួនាផ្ដល់ការងារសេវាអត្តសញ្ញាណកម្មផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។

សម្ដេចក្រឡាហោម បានទទួលនូវសំណើរ និងសំណូមសំពរមួយចំនួន ពីតំណាងប្រជាពលរដ្ឋ រួមមាន៖ ពាក់ព័ន្ធនឹងបញ្ហាផ្លូវថ្នល់ ការដឹកជញ្ជូនដី ការថែទាំបរិស្ថាន និងការលើកម្ពស់តំបន់ទេសចរណ៍ក្នុងស្រុកបាណន់។ សម្ដេច បានសម្ដែងការគាំទ្រចំពោះមតិយោបល់ទាំងនោះ និងបានណែនាំភ្លាមៗឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកសិក្សា ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម រួមទាំងគណៈប្រតិភូ បានបន្តអញ្ជើញទស្សនកិច្ចមណ្ឌលសុខភាពឈើទាល និងសាលាឃុំឈើទាល ស្រុកបាណន់ និងបន្តកិច្ចសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល និងក្រុមប្រឹក្សាឃុំឈើទាល ដើម្បីស្វែងយល់បន្ថែម អំពីដំណើរការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ ។

បន្ទាប់មក សម្ដេចក្រឡាហោម រួមទាំងគណៈប្រតិភូជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអូស្ត្រាលី និងតំណាងទីស្នាក់ការអភិវឌ្ឍន៍ស្វីស ប្រចាំកម្ពុជា ក៏បានបន្តដំណើរទៅកាន់សាលាលខេត្តបាត់ដំបង ដើម្បីពិនិត្យដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយ។ សម្ដេច និងគណៈប្រតិភូបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់វិស័យចំណុះការិយាល័យច្រកចេញចូលតែមួយ សម្រាប់ការខិតខំបំពេញភារកិច្ចបំរើប្រជាពលរដ្ឋ៕ ដោយ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner